(ភ្នំពេញ)៖ ឱកាសដ៏ល្អកម្រមានសម្រាប់ប្រជាជនខ្មែរ គ-ថ្លង់ ពីកំណើត បានមកដល់ហើយ នៅមន្ទីរពេទ្យព្រះអង្គឌួង គឺមានទទួល ពិនិត្យ និងព្យាបាលជំងឺ គ-ថ្លង់ពីកំណើត និងបាត់សម្លេង ស្ដាប់មិនសូវលឺ (ច្រចៀកធ្ងន់) ឲ្យជាសះស្បើយឡើងវិញ ដែលវះកាត់ដោយវេជ្ជបណ្ឌិតឯកទេស គ-ថ្លង់មកពីប្រទេសកូរ៉េ។

នេះបើតាមការថ្លែងឲ្យដឹងរបស់ប្រធានមន្ទីរពេទ្យព្រះអង្គឌួង លោកវេជ្ជបណ្ឌិត លូ លីឃាង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Freshe News នៅថ្ងៃព្រឹកទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា «ការទទួលបានការវះកាត់ដោយគិតដោយឥតថ្លៃ ពីវេជ្ជបណ្ឌិតពីប្រទេសកូរ៉េ គឺមានតែចំនួន៤នាក់ប៉ុណ្ណោះ ដែលធ្វើឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់មកចុះឈ្មោះពិនិត្យ ចាប់ពីថ្ងៃទី២៣-២៤ ខែសីហានេះ ចាប់ពីម៉ោង៨៖៣០ដល់១១ព្រឹក។ ការវះកាត់ជំងឺ គរ-ថ្លង់ពីកំណើតនេះ គឺចាប់ពីអាយុ២ឆ្នាំ ឡើងទៅ ហើយមុននឹងទទួលបានការវះកាត់ មន្ទីរពេទ្យរបស់យើងនឹងធ្វើការពិនិត្យឲ្យល្អិតល្អន់ផងដែរ»

តាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា ការវះកាត់ជំងឺគរ-ថ្លង់នេះ បើនៅតាមបណ្ដាប្រទេស ត្រូវចំណាយប្រាក់អស់ប្រមាណ៣-៥ម៉ឺនដុល្លារក្នុងម្នាក់ៗ ដូច្នេះកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ លោកសាស្ដ្រាចារ្យ ស្រី វណ្ឌថន តាមប្រព័ន្ធទូរស័ព្ទលេខ៖ ០១២ ៧៧១ ៥៤៨៕