​(ភ្នំពេញ)៖ ពិធីក្រុងពិលី និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ ឧស្សាហកម្មកកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ តំបន់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រារព្វធ្វើឡើង នារសៀលថ្ងៃសុក្រ ០៦កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ​ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ ក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្មយ៉ាងច្រើនកុះករ​។

បន្ទាប់ពីពិធីក្រុងពាលី សុំសេចក្តីសុខចម្រើន ពីម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីរួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងក្នុងពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ ដោយបានលើកឡើង ពីប្រវត្តិនៃអតីតរោងចក្រនេះ ដែលធ្លាប់ជារោងចក្រផលិតសំបកកង់ និងតមកជារោងចក្រស័ង្កសីបូព៌ា ដែលត្រូវបានបិទឈប់ដំណើរការ។ ដោយមើលឃើញពីការវិវឌ្ឍន៍រីកចម្រើន នែវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យឧស្សាហកម្ម កំពុងដើរតួយ៉ាងសំខាន់ ក្នុងកំណើនផលទុនជាតិសរុប និងការកាត់បន្ថយភាពក្រីក្រ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ ក្នុងការសាងសង់អគារមជ្ឈមណ្ឌល មន្ទីរពិសោធន៍ឧស្សាហកម្មកកម្ពុជានេះឡើង ដែលតម្រូវឲ្យវាយអគារចាស់ទាំងស្រុងចោល និងជំនួសដោយអគារថ្មីកំពស់០៧ជាន់ ដែលគ្រោងសាងសង់រួចរាល់ នៅចុងឆ្នាំ២០១៩ខាងមុខ ។

នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាមន្ទីរពិសោធន៍ធំជាងគេលើកដំបូង នៅប្រទេសកម្ពុជា គឺសាងសង់ក្នុងផ្ទៃក្រឡា​៦ពាន់ម៉ែត្រការ៉េ​។ ទំហំអគារ ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ លំអរដោយសួនច្បារ ទីធ្លាចតយានយន្ត និងអាងប្រព្រឹត្តិកម្មទឹក​។ល។ មន្ទីរពិសោធន៍នេះនឹងបម្រើអតិថិជន ក្នុងវិស័យឯកជន ជាអ្នកផលិត អាជីវករ និងអ្នកនាំចេញផលិតផល ក្នុងមុខសញ្ញាជាច្រើនដូចជា​ ផ្នែកម្ហូបអាហារ -មីក្រូសិរីរាង្គ-ផ្នែកគីមី-ផ្នែកគីមីមិនមែនម្ហូបអាហារ-ផ្នែកមេកានិក​និងយានយន្ត-ផ្នែកសំភារៈសំណង់-ផលិតផលអេឡិចត្រូនិក-ផ្នែកថ្នាំសម្លាប់សត្វល្អិត-ផ្នែកសំណង់លោហៈធ្ងន់ និងសំណង់ជាតិពុលជាដើម​។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដាស់តឿនដល់ថ្នាក់ដឹកនាំ ​និងមន្ត្រីនៃមជ្ឈមណ្ឌល​ស្តង់ដារកម្ពុជា ដែលជាអាណាព្យាបាលផ្ទាល់ នៃមន្ទីរពិសោធន៍នេះ សូមយកចិត្តទុកដាក់ដុសខាត់ ចំណេះដឹងរបស់ខ្លួន ចាប់ពីពេលនេះតទៅ ដើម្បីត្រៀមខ្លួនប្រើប្រាស់ឧបករណ៍ពិសោធន៍នេះ ប្រកបដោយជំនាញវិជ្ជាជីវៈ ទទួលបានភាពសុក្រឹត សម្រាប់វាយតម្លៃភាពអនុលោម នៃគុណភាពផលិតផល និងទំនិញ ដែលផលិតប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ឲ្យទទួលបានទំនុកចិត្តពីអតិថិជន និងប្រទេសអ្នកនាំចូល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះមុខប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងសាម៉ីក្រសួង លើការងាររក្សាគុណភាពផលិតផល សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាទំនិញប្រើប្រាស់នានា។​

បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងគណៈអធិបតីបានអញ្ជើញ បញ្ចុះបឋម​សិលា និងបញ្ជាគ្រឿងចក្របើកការដ្ឋាន សាងសង់អគារមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា ដែលមានកំពស់ ៧ ជាន់ចាប់ពីពេលនេះតទៅ៕