(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ព្រមទាំងថ្លែងអំណរគុណដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិត និងស្រុកចន្ទ្រា ដែលបានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ធ្វើឱ្យសម្លេងគាំទ្រគណបក្ស ឈ្នះភ្លូកទឹកភ្លូកដីលើសលប់។

ពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងស្រុកចន្ទ្រា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបង្ហាញអំពីលទ្ធផលដ៏ត្រចះត្រចង់របស់បក្ស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតសរុបជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលុប បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ស្រទ្បាញ់ការអភិវឌ្ឍ និងកាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលហើយនៅតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។

នាយឧត្តមសេនីយ៍បានបន្តថា នៅក្នុងក្រុងបាវិត និងស្រុកចន្ទ្រា មានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ក៏ដូចជានៅទូទាំងខេត្តស្វាយរៀងទាំងមូលផងដែរ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៦ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ដោយ ទទួលបានអាសនៈ៥លើ៥នៅរដ្ឋសភា។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិត និងស្រុកចន្ទ្រា ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិកសមាជិកា បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៅមុខទៀត៕