(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង រួមទាំងតំណាងរាស្រ្តជាប់ឆ្នោតជាច្រើនទៀត បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ជូនពួកគាត់ ដែលបានបោះឆ្នោតគាំទ្រផ្តល់ជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា។

នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥។ ខេត្តនេះមានប្រជាពលរដ្ឋប្រមាណ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង៣.៥សែននាក់។ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះទាំង៥អាសនៈនៅក្នុងខេត្តនេះ។

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតទាំង៥ របស់គណបក្សប្រជាជនកម្ពុជានោះរួមមានដូចតទៅ៖ ១៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ២៖ លោកស្រី ដួង វណ្ណា, ៣៖ លោកបណ្ឌិត ជ័យ សុន, ៤៖ លោកស្រី ឈុន សារឹម និង៥៖ លោកស្រី ពៅ សុភាព។

បើតាមរបាយការណ៍របស់អាជ្ញាធរខេត្ត ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី០៦ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅក្នុងខេត្តស្វាយរៀង មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា ហើយសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ នៅគ្រប់ការរិយាល័យទាំង៩៣៦ការិយាល័យ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត​។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។

តាមលទ្ធផលផ្លូវការនេះ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥អាណត្តិជាប់ៗគ្នានេះ ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕