(កំពង់ធំ)៖ ​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅសៀលទី១៧ ខែ​សីហា​ ឆ្នាំ​២០១៨​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ ទៅប្រគល់ផ្ទះ​ថ្មី​មួយ​ខ្នង​ទៀត​ ដែល​ជា​ខ្នង​ផ្ទះ​ទី៩៤​ ជាអំណោយ​​របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ តាម​រយៈ​ លោក នាយឧត្ដមសេនីយ៍ គន់ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន​ប្រគល់​ជូន​លោក​ពលបាលឯក ដៀក ហ៊ាម​ នៅ​ភូមិ​ព្រះនង្គ័ល​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​។

លោក​ពលបាលឯក​ ដៀក ហ៊ាម​ មានអាយុ​៤៦ឆ្នាំ​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១៩​ ខែ​ មិថុនា​ ឆ្នាំ​១៩៩០​ បាន​ត្រូវ​របួស​ពិការ​ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ១៩៩៧ នៅ​សមរភូមិ​ផ្លូវ​១២​(៦២)​ ។ លោក ដៀក ហ៊ាម​ មាន​ភរិយា​ឈ្មោះ សោ ផារី​ អាយុ​ ៣៥ ឆ្នាំ​ មាន​កូន​តូច​ៗ​ចំនួន​០៦នាក់​ សុទ្ធ​តែ​ប្រុស​ទាំង​អស់​ ដោយ​ប្រកបមុខរបរ​ធ្វើ​ស្រែ​ រួម​ផ្សំ​នឹង​ប្រាក់​បៀវត្ស​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គាត់​ប្រចាំ​ខែ​ចំនួន​៦២០,០០០រៀល​ផងដែរ​។ ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនគាត់នាពេលនេះមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៧,៣២០,០០០រៀល​។

ក្នុង​ឱកាស​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​ដល់​បងប្អូន ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ និង​ប្រគល់​ផ្ទះ​ថ្មី​នៅ​ល្ងាច​នេះ​ លោក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​នាំ​យក​នូវ​អំណោយ​សម្ដេច​តេជោ​ ហ៊ុន សែន​ ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន​៖ អង្ករចំនួន៥០ គីឡូ​ក្រាម , មី​យើង​ចំនួន​០២ កេស , មុងជ្រលក់ថ្នាំចំនួន០២ និង​ថវិកា ចំនួន២០០,០០០​ រៀល​ផងដែរ​៕