(បាងកក-ថៃ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្ទាប់ពីបានចូលរួមក្នុងវេទិកា CLMVT របស់ប្រទេសទាំង៥ក្នុងតំបន់អាស៊ានរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ដែលមានរយៈពេល២ថ្ងៃ (១៦-១៧ ខែសីហា) រួចមក, លោកឧកញ៉ាបានសម្លឹងឃើញថា វេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងចំពោះវិស័យឯកជន ដែលត្រូវការរកស៊ីដោយប្រើប្រាស់បច្ចេកវិទ្យាជាចាំបាច់។

លោកឧកញ៉ា លឹម ហេង បានយល់ឃើញទៀតថា វេទិកា CLMVT 2018 ស្តីពីការបច្ចេកវិទ្យានេះ គឺជាឱកាសដ៏ល្អ សម្រាប់អ្នករកស៊ីវ័យក្មេងជំនាន់ក្រោយ ពិសេសអ្នករកស៊ីរបស់កម្ពុជា ក្នុងការបង្កើតមុខរបរថ្មី ហើយកាត់តែងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា «ប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាទំនើប បានរុញកំណើនសេដ្ឋកិច្ចយ៉ាងលឿនក្នុងពិភពលោក ដូច្នេះយើងគួរទំនាក់ទំនងគ្នា [ជាមួយប្រទេស CLMVT] ដោះស្រាយគ្នាយ៉ាងណា ទៅលើ បច្ចេកវិទ្យាទំនើបនេះក្នុងវិស័យផ្សេងៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។...អ្វីដែលជាការយកចិត្តទុកដាក់នោះ គឺថាតើយើងត្រូវពង្រឹងយ៉ាងដូចម្តេច ក្នុងបច្ចេកវិទ្យាបច្ចុប្បន្ននេះ សម្រាប់ឲ្យអនាគតក្មេងជំនាន់ក្រោយ។ ក្មេងជំនាន់ក្រោយគាត់កំពុងចាប់អាម្មរណ៍ខ្លាំង ផ្នែកបច្ចេកវិទ្យាធ្វើពាណិជ្ជកម្ម ដូចជាការផ្ទេរប្រាក់ពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ដូចជាបង្កើតមុខរបរថ្មី ដល់សហគ្រិនវ័យក្មេងជំនាន់ក្រោយផងដែរ»។​

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង ក៏បានមើលឃើញនូវបញ្ហាប្រឈមមួយចំនួនផងដែរ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលនឹងធ្វើឲ្យកាត់បន្ថយការប្រើប្រាស់ កម្លាំងពលកម្មមនុស្ស និងការការពារពីការលួចទិន្នន័យផងដែរ។

សូមជម្រាបថា វេទិកា CLMVT Forum 2018 រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែសីហា ឆ្នាំ២០១៨​​​ ក្រោមប្រធានបទ «ផ្តើមតាមរយៈប្រពន្ធ័បច្ចេកវិទ្យា-Taking Off through Technology»។ វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានថ្លែងសុន្ទរកថា បើកជាផ្លូវការ ដោយលោកឧត្តមសេនីយ៍ Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ។ វេទិការយៈពេល២ថ្ងៃពេញនេះ មានកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធយ៉ាងច្រើន។

បណ្តាប្រទេស CLMVT រួមមាន ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាតំបន់មួយដែលមានសក្តានុពលខ្ពស់ និងមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ ដោយមានប្រជាជនសរុបប្រមាណជាង ២៣៧លាននាក់ និងកំណើន GDP ជាមធ្យម៥.៨ភាគរយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសហគ្រិន មកពីទូទាំងពិភពលោក មកវិនិយោគលើវិស័យផលិតកម្ម និងពង្រីកទីផ្សាររបស់ពួកគេ ដែលនាំឲ្យមានឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយប្រទេសទាំងប្រាំ (CLMVT) ក៏បានរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម សម្រាប់ពេលអនាគតរបស់បណ្តាប្រទេស ក្នុងតំបន់ទាំងមូលផងដែរ៕