(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចុះសំណេះសំណាលជាមួយ សមាជិក-សមាជិកាបក្ស ជិត៣,០០០នាក់ មកពីឃុំអំពិល, ឃុំគគរ, ឃុំកោះរការ និងឃុំកោះទន្ទឹម នៃស្រុកកំពង់សៀម ដើម្បីចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ទាំងមុនពេល និងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត។

នាឱកាសនោះ លោក វេង សាខុន បានកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ឈានទៅសម្រេចទទួលបានជ័យជំនះយ៉ាងធំធេង នាពេលនេះ ពិសេសបានថ្លែងអំណរគុណជូន ចំពោះម្ចាស់សំឡេងឆ្នោត ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកថា លទ្ធផលដែលឃុំទាំង៤ នៃស្រុកកំពង់សៀម និងនៅទូទាំងប្រទេស ទទួលបានគឺបង្ហាញឲ្យពិភពលោកឃើញថា ប្រជាជនកម្ពុជាជាង៨៣% បានទៅបោះឆ្នោតដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ហើយពិតណាស់ មានតែប្រជាជនកម្ពុជាទេ ទើបយល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន គឺនិរន្តរភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូអង្វែង។

ដើម្បីបន្តរក្សាសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លោកឆ្លៀតយកឱកាសនេះ ណែនាំឲ្យគ្រប់មន្រ្តីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំ៖

១៖ មន្រ្តីរាជការទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ទៅតាមជំនាញនីមួយៗ ឲ្យទាន់សម័យកាលបច្ចេកវិទ្យា បច្ចុប្បន្ន ដើម្បីប្រើចំណេះ ជំនាញ និងបទពិសោធន៍ទាំងនោះ មកបម្រីប្រជាជន និងជាតិមាតុភូមិ រួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ពិសេសមិនត្រូវធ្វើជាមន្រ្តីអភិរក្សនិយមនោះទេ។

២៖ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយពិតណាស់ មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ដូច្នេះត្រូវចុះជួយប្រជាជន ដោយស្មោះត្រង់ទទួលខុសត្រូវខ្ពស់ ទូលំទូលាយ ជាងមុន និងមានប្រសិទ្ធភាពជាងមុន។

៣៖ ត្រូវបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យមាននិរន្តរភាពនិងប្រសិទ្ធភាព។

លោកក៏បានជម្រាបជូនអង្គពិធីដោយសង្ខេបផងដែរ ពីស្ថានភាព នយោបាយទាំងក្នុង និងក្រៅប្រទេស ស្ថិរភាព និងសន្តិសុខសង្គម ផែនការសកម្មភាពគោលនយោបាយ ជាយុទ្ធសាស្រ្តនៃការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៦ និងជាពិសេសដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចាប់តាំងពីប្រទេសទទួលបាន សុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស៕