(កំពង់ធំ)៖ ដើម្បីឲ្យដំណើរការ នៃការប្រឡងសញ្ញាបត្រធម្យសិក្សាទុតិយភូមិ ប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅ តាមមណ្ឌលប្រឡងបាក់ឌុប និងពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រឡងនីមួយ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ​ឲ្យមានរៀបរាបរយ​​ល្អប្រសើរ។

ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក សុខ លូ បានលើកឡើងថា ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃជូនសិស្សានុសិស្ស ដែលខ្វះលទ្ធភាព ក្នុងរយៈនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-​២១ ខែសីហា​ខាងមុខនេះ ដូច្នេះសូម​សិស្សានុសិស្ស ដែលមកពីបណ្តាក្រុង ស្រុក ពុំមានលទ្ធភាពជួលកន្លែងស្នាក់នៅ សូមធ្វើការទំនាក់ទំនងតាមរយៈក្រុងស្រុក​សាម៉ី។

អភិបាលខេត្ត បន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬ​សេវាហូបចុក​ជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបទមធ្យមសិក្សាទុតិយភូមិ។

លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ រថយន្ត ដោយពុំតម្រូវឲ្យមានការបង់ប្រាក់នោះទេ និងបានរៀបចំពង្រឹងកម្លំាងការពារ សុវត្ថិភាពបានល្អថែមទៀតផង។ ក្នុងនោះ លោក សុខ លូ បានផ្តាំផ្ញើ​ដល់លោកនាយក នាយិការសាលា និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាត្រួតពិនិត្យ បន្ទប់ប្រឡង​បន្ថែមទៀត ដោយត្រួតពិនិត្យក្នុងបន្ទប់ប្រឡង ត្រូវមានពន្លឺគ្រប់គ្រាន់ បរិយាកាសល្អ អនាម័យស្អាត ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ នៃការប្រឡងរបស់សិស្សជាដើម។

សូមបញ្ជាក់ថា ខេត្តកំពង់ធំ ចំនួនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន​៤,៥២៦នាក់ ចែកចេញជា២ក្រុម រួមមាន ថ្នាក់វិទ្យាសាស្ត្រចំនួន ១​,៨៦៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ២,៦៥៩នាក់ ក្នុងនោះមានមណ្ឌលប្រឡងចំនួន​១០​មណ្ឌល មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន​៤មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន​៦មណ្ឌល៕​