(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែសីហា ២០១៨នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំឧបត្ថម្ភ ដល់គ្រួសារក្រីក្រ ចាស់ជរា ចំនួន៤៥គ្រួសារ នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្នុងវត្តតាំងកសាងខាងជើង ក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ អ្នកស្រី អ៊ឹម ថាវី អនុប្រធានកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផ្ទះល្វែងនិងដីឡូត៍ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ ជាច្រើនកុះករផងដែរ។

អំណោយដែលចែកជូននៅពេលនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មានទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆ្នាំងដាំបាយ កំសៀវទឹក ធុងទឹក បំពុងទឹកក្តៅ ជ្រុញ និងថវិកាចំនួន១២ម៉ឺនរៀល ក្នុងមួយគ្រួសារ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខសេក្តីនឹករលឹក ពីសំណាក់លោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ក្នុងឱកាសនេះដែរលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ៕