(បន្ទាយមានជ័យ)៖ ​អំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ត្រូវបានលោក ផែង វណ្ណៈ យក​ទៅផ្តល់ជូន​កម្មករសំណង់កំសត់ពីរនាក់ប្ដីប្រពន្ធ ដែលឆក់ខ្សែភ្លើង​នៅ​ប៉ោយប៉ែត​ កំពុងសំរាកព្យាបាលមុខរបួស​នៅមន្ទីរពេទ្យ​មង្គលបូរី​ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។​

អំណោយរួមមាន​៖ អង្ករ​​១០០គីឡូក្រាម,​ មី​៥កេស,​ ត្រីខ​​១កេស​, ទឹកដោះគោខាប់​​១កេស​, មុង២, ខ្នើយ​២​, ភួយ២​, កន្ទេល​​២,​ ពូក​១,​ ទឹកត្រី​​៣​​យួរ​, សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុត​ និង​​ថវិកា​មួយចំនួន​​។​

បុរសជាប្ដីឈ្មោះ ភាន ចាន់ណា អាយុ​៥១​​ឆ្នាំ​ ត្រូវ​​កាត់ដៃទាំងពីរ​ ចំណែក​ប្រពន្ធឈ្មោះ ​ប្រាក់ សំ អាយុ៤៩ឆ្មាំ​ កាត់ដៃទាំង២​ និង​ជើង​ឆ្វេងមួយ​។​ មុនកើតហេតុ​កម្មករកំសត់ពីរនាក់ប្ដីប្រពន្ធនេះ បានសុំផ្ទះរបស់ប្អូនស្រី​ឈ្មោះ​ ភាន​ ចិន្តា​ នៅភូមិ​បានណយ​ សង្កាត់ទឹកថ្លា ​ក្រុងសិរីសោភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យ​ រស់នៅជាមួយ​។​ ជនរងគ្រោះទាំងពីរនាក់នេះមិនមានដី​ ឬ​ផ្ទះផ្ទាល់ខ្លួនទេ​ មានកូន​៣​នាក់​ ក្នុងបន្ទុក​ កូនប្រុសពីរនាក់ទៅធ្វើកម្មករនៅប្រទេសថៃ​ ចំណែកកូនស្រីបង​អាយុ​​២៥ឆ្នាំ​ គ​​និយាយមិនបាន​។

អំណោយ​ និង​​ថវិកា​ ដែល​បានផ្ដល់ជូនកម្មកររងគ្រោះពីរនាក់ប្ដីប្រពន្ធ​ គឺជាការយកចិត្តទុកដាក់របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែនៅជាប់ជាមួយប្រជាជន ពេលប្រជាជនមានទុក្ខលំបាក​។

កម្មករងគ្រោះទាំងពីរប្ដីប្រពន្ធ​ និង​​ក្រុមគ្រួសារ​ មានក្ដីរំភើបរីករាយ ​និងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ និង​​លោកស្រី​ ហ៊ុន​ ម៉ាណា​ និង​ បានគោរពជូនពរ​​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ព្រមទាំងបុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ សូមជួប្រទះ​តែពុទ្ធពរទាំងបួនប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​៕