(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ទៅកងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវតែបន្ដការពង្រឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន។

ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាស​ប្រជុំត្រួ​តពិនិត្យការអនុវត្តតួ​នាទីភារៈកិច្ច ការងារកងរាជអាវុធហត្ថ​ប្រចាំខែសីហា ទិសដៅកាងារ​ខែកញ្ញា ឆ្នាំ២០១៨ ដែល​មានការ​ចូលរួមពី​មេបញ្ជាការរង នាយរងសេនា​ធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយា​ល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន​ក្រុង-ស្រុក-​ស្នាក់ការ និងនាយ នាយរងអាវុធហត្ថ ចំនួ​ន១២៦នាក់​ផងដែរ​។

លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងអាវុធហត្ថទូទាំងខេត្តកំពង់ឆ្នាំង និយាយដោយឡែក និងនិយាយជារួម ដែលបានចូលរួមថែរក្សា​ សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ សាក់ សារ៉ាង ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍៕​