(ភ្នំពេញ)៖ លោក ឡុញ មិថុនា អាយុ២៩ឆ្នាំ ដែលអះអាងថា ជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ា​ ត្រូវជនជាតិថៃ បើករថយន្តបុករថយន្តរបស់ខ្លួនបណ្តាលឲ្យរងការខូចខាត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅក្រុងប៉ោយប៉ែតនោះ ពេលនេះ បានដាក់ពាក្យទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ព្រោះតែរូបគេមិនទាន់ទទួល បានសំណង ហើយរថយន្តរបស់ជនជាតិថៃ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ក៏ត្រូវបានសមត្ថកិច្ចដោះលែងទៅទៀត។

ជនរងគ្រោះរូបនេះ ក៏បានប្តឹងទៅកាន់ថ្នាក់ដឹកនាំចំពោះមន្រ្តី​នគរបាល៣រូបផងដែរ រួមមាន៖ ទី១លោក លោក នួន គឹមសៅ ជានាយផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត, ទី២ លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត និងទី៣ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ទៀត ដែលបានពាក់ព័ន្ធការដោះលែងរថយន្តខាងលើ។

តាមរយៈភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ជនរងគ្រោះលោក ឡុញ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកបានប្តឹងមន្ត្រីនគរបាលមួយចំនួន ក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យចំនួន៣នាក់ទៅ សម្តេចក្រឡាហោម ស ខេង ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍។

លោកបានរៀបរាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្តម៉ាក HINO ធន់ធំដឹកទំនិញរបស់ជនជាតិថៃ ពាក់ស្លាកលេខ ៧០-០៨៨៩ បើកបរដោយជនជាតិថៃ ក្រោមស្ថានភាពស្រវឹងទៅបុករថយន្តរបស់លោកម៉ាក Chevrolet សេរី ២០១៨ ពាក់ស្លាកលេខ 2AQ-5832 នៅចំណុចក្បែររង្វង់មូលក្រុងប៉ោយប៉ែត្រ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រោយចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសម្រេចយករថយន្តបង្ក និងអ្នកបើកបរជាជនជាតទិថៃ រួមនឹងរថយន្តរបស់លោកទៅអធិការដ្ឋានក្រុងប៉ោយប៉ែត្រ ដើម្បីដោះស្រាយគ្នា។
ដោយសារដោះស្រាយសំណងគ្នាអស់ជាច្រើនម៉ោង នៅតែមិនត្រូវ ព្រោះភាគីបង្កព្រមសងត្រឹមប្រាក់ចំនួន៥០០ដុល្លារ ខណៈភាគីរងគ្រោះទាមទារ១០០០ដុល្លារ ទើបសមត្ដកិច្ចឲ្យភាគីរងគ្រោះ ចេញទៅហូបបាយសិន ចាំត្រឡប់មកដោះស្រាយបន្តទៀត។

ពាក្យបណ្តឹងបញ្ជាក់ថា បន្ទាប់ពីដើមបណ្តឹងត្រឡប់ពីហូបបាយវិញ នៅម៉ោងប្រហែល៨យប់ ស្រាប់តែសមត្ថកិច្ចដោះលែងរថយន្តបង្ក និងតៃកុងរថយន្តឲ្យត្រឡប់ទៅវិញស្ងាត់ៗបាត់ ដោយមិនបាន ឲ្យជនរងគ្រោះដឹង និងមិនបានផ្តល់សំណងដល់ជនរងគ្រោះឡើយ។ ជាងនេះទៅទៀត សមត្ថកិច្ចពាក់ព័ន្ធ ក៏មិនបានធ្វើកំណត់ហេតុវាស់វែងកន្លែងកើតហេតុ និងកំណត់ហេតុដោះលែងរថយន្ត និងតៃកុងរថយន្តនោះទេ គឺលែងតាមបទបញ្ជាតែម្តង អត់ខ្វល់រឿងនីតិវិធីរបស់ច្បាប់ឡើយ។

ដើមបណ្តឹងថា ចំពោះការដោះលែងរថយន្ត និងតៃកុងបង្កនោះគឺលោក នួន គឹមសៅ ជានាយផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតអះអាងថា ការដោះលែងនោះ លោកធ្វើតាមបញ្ជារបស់លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត និងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយលោកទាំង២នាក់ ជាអ្នកធានាដោះស្រាយជំនួសម្ចាស់រថយន្តថៃ។

ដោយឡែក លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា រឿងគ្រោះថ្នាក់ចរាចរណ៍នោះ សមត្ថកិច្ច អត់បានរាយការណ៍ជូនលោកនោះទេ ហើយការដោះលែងរថយន្តបង្ក និងតៃកុងរថយន្ត ក៏លោកអត់ដឹងដែរ។

យ៉ាងណាក៏ដោយចំពោះការចោទប្រកាន់ខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបានទេ ពីក្រុមមន្រ្តីនគរបាលទាំងនេះ៕