(ភ្នំពេញ)៖ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទូច ដើម្បីឲ្យដឹកយករថយន្តរបស់ខ្លួនទៅទុកនៅផ្ទះវិញ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញវិញហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមសេចក្ដីរាយការណ៍ពី ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ពេលនេះព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កំពុងបន្ដការសួរនាំជនសង្ស័យ ដែលអាងអំណាចម្នាក់នេះផងដែរ។

សូមបញ្ជាក់ថា ការបញ្ជូនជននេះទៅតុលាការ ដោយសារតែជនម្នាក់នេះ បានប្រព្រឹត្តល្មើសច្បាប់ រួមទាំងការបុកបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ប្លន់យករថយន្ដរបស់ខ្លួនពីសមត្ថកិច្ចទៅទុកផ្ទះវិញ រួមទាំងបទល្មើស ដែលរកឃើញតាមក្រោយ រួមមាន ការប្រើប្រាស់កាំភ្លើងខុសច្បាប់ និងប្រើប្រាស់រថយន្ដមិនបង់ពន្ធ។

តាមសេចក្ដីរាយការណ៍មួយចំនួន ពីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះកិច្ចអន្ដរាគមន៍ ពីសំណាក់សាច់ញាតិ ក្រុមគ្រួសាររបស់ជនបង្ករូបនេះ បាននិងកំពុងរត់ការ ខ្វែងដៃខ្វែងជើងឲ្យដោះលែង ខណៈដែលក្រសែភ្នែកមហាជន នៅគ្រប់ទិសទីរង់ចាំមើលពីចំណាត់ការដ៏ម៉ឺងម៉ាត់របស់សមត្ថកិច្ច និងស្ថាប័នតុលាការ។

រហូតមកដល់ពេលនេះ អត្តសញ្ញាណ និងប្រវត្តិរបស់ជនបង្ករូបនេះ មិនទាន់ត្រូវបានលាតត្រដាងជាផ្លូវការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ ប៉ុន្ដែសេចក្ដីរាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននោះ បានបង្ហាញថា ជនម្នាក់នេះ មានឈ្មោះ ទ្រី ដារិន អាយុ៣៨ឆ្នាំ ជាអតីតអ្នករកស៊ីកាប់ជ្រូកនៅម្ដុំគីឡូម៉ែត្រលេខ៦ ដែលគេហៅថា ហ៊ាពៅៗ ប៉ុន្ដែរូបគេបានបោះបង់មុខរបរ មួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំហើយ ក្រោយជំពាក់ប្រាក់ និងបោកគេជាច្រើននាក់។

យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ជើងគោក បានរៀបរាប់ពីដំណើររឿងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ០២៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលមានរថយន្ដបង្ក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ07-2-8989 បានទៅបុកឃឿន និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលចរាចរណ៍ក៏បានចុះមកវាស់វែង ហើយហៅរថយន្ដស្ទួចមកដឹករថយន្ដបង្ក ឆ្ពោះទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្ដចូល ទៅបង់ផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្ដែពេលដែលអ្នកបើករថយន្ដស្ទួច កំពុងដឹករថយន្ដបង្ក ដល់ម្ដុំវត្តទួលអស់លោក ក៏លេចមុខម្ចាស់រថយន្ដ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ បើករថយន្ដ Corolla មួយគ្រឿង ទៅពាំងពីមុខរថយន្ដស្ទួច បន្ទាប់មកជនបង្ក ទ្រី ដារិន បានទាញកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទួច និងបញ្ជាឲ្យដឹងរថយន្ដរបស់ខ្លួន ទៅទុកនៅក្នុងផ្ទះស្ថិតនៅផ្ទះលេខ ផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើករថយន្ដស្ទួច និងព្រូរថយន្ដម្នាក់ទៀត បានរាយការណ៍មកកាន់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីមានវិធានការណ៍ ពេលនោះនគរបាល បានចុះទៅស្វែងរកទីតាំងដែលជននេះ លាក់រថយន្ដរហូតដល់ម៉ោងជាង៥ទាបភ្លឺ ទើបរកឃើញ រួចហើយក៏ធ្វើការឡោមព័ទ្ធ និងរាយការណ៍ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា សុំបទបញ្ជាចូលឆែកឆេរ និងធ្វើការសួរនាំជាមួយជនពាក់ព័ន្ធ។

លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ក៏បានចូលទៅឆែកនៅក្នុងផ្ទះ ឃើញរថយន្ដ និងឃើញជនបង្ក ព្រមទាំងបក្ខពួក ក៏សម្រេចឃាត់ខ្លួន បន្ដការសួរនាំ ប៉ុន្ដែនៅពេលកំពុងសួរនាំជនបង្កដែលអត្តចរិកឈ្លើយ និងមិនខ្លាចរអែងច្បាប់ ទើបបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។

តាមសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនម្នាក់នេះ ប្រឈមនឹងបទល្មើសមួយចំនួន ដូចជា៖ បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, ប្លន់យកវត្ថុតាងរបស់សមត្ថកិច្ច, ប្រើប្រាស់កាំភ្លើងអត់ច្បាប់ និងប្រើប្រាស់រថយន្ដអត់បង់ពន្ធ។ ក្នុងនោះកាំភ្លើងដែលរូបគេប្រើប្រាស់ សមត្ថកិច្ចអះអាងថា បានទិញមកពីប្រទេសថៃ ដោយឡែករថយន្ដដែលពាក់ស្លាកលេខរដ្ឋនោះ ទិញបន្ដពីគេ ដោយមិនមានការបង់ពន្ធ និងក៏ពាក់ព័ន្ធជាមួយមន្ដ្រីជាន់ខ្ពស់ម្នាក់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្តសញ្ញាណ។

តាមអ្នករកស៊ី និងអ្នកដែលធ្លាប់ស្គាល់ជនម្នាក់នេះ បាននិយាយថា រូបគេគឺជាមនុស្សដែលមានអត្ដចរិកឈ្លើយ កោងកាច និងមិនចេះខ្លាចរអាច្បាប់ទម្លាប់នោះឡើយ ដោយសារតែមានលុយ និងស្គាល់អ្នកមានបុណ្យស័ក្ដិខ្ពស់ៗ។

ដូច្នេះឆ្លើយតាមការប្រព្រឹត្តបទល្មើសទាំងនេះ ស្ថាប័នតុលាការ នឹងចាត់វិធានការឲ្យតឹងរឹងជាទីបំផុត បើទោះបីមានកិច្ចអន្ដរាគមន៍ខ្វែងដៃខ្វែងជើង ចង់ឲ្យដោះលែងជននេះក៏ដោយនោះ៕​