(ភ្នំពេញ)៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង​ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញការដើរចែកនាមប័ណ្ណ ឬខិតប័ណ្ណ ដែលមានខ្លឹមសារពាក់ព័ន្ធការម៉ាស្សា ឬសេវាផ្លូវភេទ នៅរាជធានីភ្នំពេញ ត្រូវរាយការណ៍ជូនសមត្ចកិច្ចដែលនៅជិតបំផុតជាបន្ទាន់។

ជាមួយគ្នានេះ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស ក៏បានប្រាប់ឲ្យពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ ០១២ ៦៩០ ០៩៩​ ឬ​​​០៨៨ ២១២ ៨៨៨​៨​ ដើម្បីសមត្ថកិច្ចជំនាញមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា ពាក់ព័ន្ធការដើរចែកខិតប័ណ្ណនេះ ក៏ធ្លាប់បានកើតឡើងនៅខេត្តព្រះសីហនុផងដែរ ប៉ុន្ដែក៏ត្រូវបានកម្លាំងនគរបាលខេត្តក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានចុះបង្ក្រាបក្រុមជនជាតិចិន ដែលជាអ្នកដើរចែកខិតប័ណ្ណនេះផងដែរ។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ ក៏ធ្លាប់បានគូសបញ្ជាក់ថា ប្រតិបត្តិការនេះនឹងធ្វើជាបន្ដបន្ទាប់ ប្រសិនបើនៅតែបន្ដកើតមាន ដោយមិនបណ្ដោយឲ្យជនបរទសទាំងនោះ ធ្វើអ្វីតាមតែអំពើចិត្តនោះទេ៕