(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ​៣០០​មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បីស្វែងយល់ពីដំណើរការជំនុំជម្រះក្តីលើ អតីតមេដឹកនាំខ្មែរក្រហម ដែលត្រូវបានចោទប្រកាន់ថា ធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងហោចណាស់​១.​៧លាននាក់ ស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម ការអត់អាហារ គ្មានថ្នាំសង្កូវព្យាយាម ការបោសសម្អាតផ្ទៃក្នុង ការធ្វើទារុណកម្ម សម្លាប់ និងទង្វើអមនុស្សធម៌ផ្សេងទៀត។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសា​ធារណៈ និ​ងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ពលរដ្ឋដែលបានមកធ្វើទស្សនកិច្ចសិក្សា នេះភាគច្រើន ជាជនរងគ្រោះនៃរបបខ្មែរក្រហម និងមានការចាប់អារម្មណ៍ខ្ពស់ ជុំវិញដំណើរការជំនុំជម្រះក្តី។​

លោក នេត្រ ភក្ត្រា បានពន្យល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍ នៃការបង្កើតតុលាការខ្មែរក្រហម ឡើងដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ តុលាការ​ចម្រុះកម្ពុជា អសប នេះត្រូវបានបង្កើតឡើង ដើម្បីជម្រះសេចក្តី​លើជនពីរជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

បើតាមប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ តុលាការខ្មែរ​ក្រហមមានតួនាទីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងអ្នកដែលរស់រាន មានជីវិតពី​របបខ្មែរក្រហម ផ្តល់នូវការពិតតាមរយៈការសួរដេញដោល លើឯកសារភស្តុតាង និងស្តាប់ការផ្តល់ការផ្តល់សក្ខីកម្មដោយផ្ទាល់ពីសាក្សី និងជនរងគ្រោះ។ មិនតែប៉ុណ្ណោះ តុលាការខ្មែរក្រហមបានចូលរួមធានាដល់ ដំណើរការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ និងការចងចាំ ចូលរួបទប់ស្កាត់ និងបង្ការការវិលត្រឡប់មក នៃរបបសាហាវយង់ឃ្នង់ដូចខ្មែរក្រហម​មកលើទឹកដីកម្ពុជាវិញ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ​២០០៩ រហូតដល់ខែសីហា ឆ្នាំ​២០១៨​នេះ ពលរដ្ឋខ្មែរជាង​៦​សែននាក់ហើយ ដែលក្នុងនោះពាក់កណ្តាល ជាជនរងគ្រោះនៃរបបខ្មែរក្រហម និងពាក់កណ្តាលទៀតជាយុវជនជំនាន់ក្រោយ។ លោកបាន​បញ្ជាក់ថា នេះគឺជាភាពជោគជ័យយ៉ាងធំធេងរបស់សាលាក្តី ខ្មែរក្រហម ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់សាធារណៈជន បើប្រៀបធៀបនឹង​តុលាការអន្តរជាតិនានា។

ការផ្សព្វផ្សាយនេះ​ត្រូវបាន លោក នេត្រ ភក្ត្រា លើកឡើងថា ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹង​ការយល់ដឹង​របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យបានយល់ពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម៕