(ភ្នំពេញ)៖ ដើម្បីបង្កើនកម្រិត​ នៃការយល់ដឹងផ្នែកពន្ធដារឲ្យកាន់តែទូលំទូលាយ ដល់សាធារណជន អគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតកម្មវិធីលើទូរស័ព្ទដៃមួយ (App) ដែលមានឈ្មោះថា GDT News។ កម្មវិធីនេះ GDT News ជាកម្មវិធីទូរស័ព្ទដៃដែលផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកព័ត៌មាន អំពីពន្ធដារ។

កម្មវិធី GDT News បានផ្ដល់ភាពងាយស្រួល ចំពោះសាធារណជន ដែលចង់ស្វែងយល់អំពីព័ត៌មានពន្ធដារ ក្រៅពីនោះ​ក៏អាចស្វែងរកឯសារផ្សេងៗ ពាកព័ន្ធនឹងពន្ធដារដូចជា៖ ច្បាប់, អនុក្រិត្យ, ប្រកាស, សារាចរណែនាំ, សៀវភៅណែនាំ, សេចក្ដីជូនដំណឹង និងការពិព័ណនាអំពីប្រភេទពន្ធនីមួយៗដោយសង្កេប។

លើសពីនេះកម្មវិធី GDT News ក៏អាចរក្សាទុកនូវព័ត៌មានណាមួយ ដែលសាធារណជនទាំងអស់អានមិនទាន់ចប់​ និង​ចង់អានបន្ដនៅពេលណាមួយ ដោយមិនចាំបាច់ស្វែងរក ឬអានពីដើមឡើងវិញ។ ក្នុងនោះអ្នកប្រើប្រាស់អាចទស្សនាវីឌីអូ និងរូបភាពពាកព័ន្ធនានា បានយ៉ាងងាយស្រួល រួមជាមួយសំនួរ ចម្លើយនានា ដែលក្រុមអគ្គនាយកដ្ឋានពន្ធដារ ដកស្រង់ចេញ​ពីបណ្ដាសង្គមនានា។

ដើម្បីទទួលបាន កម្មវិធី GDT News សាធារណជនទាំងអស់គ្រាន់តែចូលទៅកាន់ Play Store ឬ App Store នៅក្នុងទូរស័ព្ទដៃ ស្មាតហ្វូន ហើយស្វែងរកពាក្យ GDT News បន្ទាប់មក Download ឬស្កេនតាមរយៈ QR Code រួចតំឡើង និងប្រើប្រាស់ជាការស្រេច៕