(ភ្នំពេញ)៖ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីជនជាតិចិន ដែលបើករថយន្តដេញបុក ចោរឆក់ទូរស័ព្ទដៃ២នាក់ បណ្តាលឲ្យរងរបួស និងស្លាប់ នៅខណ្ឌចំការមនដាក់ពន្ធនាគារ ជាបណ្តោះអាសន្នសិន រង់ចាំបន្តនីតិវិធីនាពេលក្រោយ។ នេះបើតាមប្រភពពីមន្ត្រីតុលាការ ប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំតុលាការ។

ករណីនេះ កញ្ញា វ៉ា សក្កដា ដែលជាតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ YUAN TANG (ថាង យៀន) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទហិង្សាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ និងបទ បើកបរដោយគ្មានលិខិតអនុញ្ញាត។

គួររំលឹកថា កាលណីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបានបើករថយន្តម៉ាករថយន្ត ម៉ាក LEXUS RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ព័ណស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនសង្ស័យទី១ឈ្មោះ សារុន ពិសិដ្ឋ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥០ ផ្លូវលេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន (ស្លាប់ពេលបញ្ជូនដល់មន្ទីរទេព្យ)៕