(រតនគិរី)៖ អភិបាលខេត្ដរតនគិរី លោក ថង សាវុន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ អមដំណើរដោយលោកអភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់របស់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទន្លេសេសាន្ត នៅស្រុកវើនសៃ​។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ភូមិ ឃុំ ត្រូវធ្វើយ៉ាងណាត្រៀមអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ លើការរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព​។

​លោកអភិបាលខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋ ចំនួន​៥០​គ្រួសារ ដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងភូមិទៀមក្រោម ឃុំកាចូន ស្រុកវើនសៃ រួមមាន មី ត្រីខ កៅស៊ូតង់ និងថ្នាំពេទ្យមួយចំនួន​។

តាមរបាយការណ៍បណ្តោះអាសន្ន ពីអាជ្ញាធរស្រុក ដោយសារស្ថានភាពភ្លៀងជាប់ៗគ្នា បានបង្កជាជំនន់ទឹកទន្លេសេសាន ប៉ះពាល់ស្រុក ចំនួន​០៣​រួមមាន ស្រុកវើនសៃ ស្រុកតាវែង និងស្រុកអណ្តូងមាស ប៉ះពាល់ប្រជាពលរដ្ឋជាក់ស្តែងចំនួន​១,២៧៤គ្រួសារ គ្រួសារជម្លៀសទៅកាន់ទីទួលសុវត្ថិភាព​៤០៣​គ្រួសារ​។ ស្ថិតនៅក្នុងស្ថានភាពខាងលើនេះ អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕