(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការ​សាងសង់វិមាន​ឈ្នះ-ឈ្នះ បានលើកឡើងថា ការសាងសង់វិមានឈ្នះ-ឈ្នះ ត្រូវសិក្សា​យ៉ាងឱ្យបានល្អិតល្អន់ និងប្រុងប្រយ័ត្នជាទីបំផុត ដើម្បីឱ្យមានការឆ្លើយតប​នូវខ្លឹមសារ និង​អត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងដូចនេះ នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៨នេះ ក្នុង​ឱកាសដែលសម្តេច បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ​បានបន្តថា​ ទ្រង់ទ្រាយការងារមានជំហានយ៉ាងខ្លាំងក្លា និង​មានល្បឿនលឿនជាងពេលមុនៗហើយ ត្រង់ថា ផ្នែកនីមួយៗប្រមូលផ្តុំកិច្ចការងារទៅមុខរបស់ខ្លួន កាន់តែសកម្មឡើង ព្រោះទាំងអស់គ្នាសុទ្ធតែយល់ជ្រួតជ្រាបពីដំណើរការ នៃការកសាងវិមានឈ្នះ-ឈ្នះនេះ ហើយបានចូលរួមយ៉ាងសកម្ម គិតមកដល់ពេលនេះ គឺវាសមរម្យ​ដែលអាចនឹងបង្ហើយការងារស្នូលសំខាន់ៗបានហើយ អាចនៅសល់ការងារខ្លះដែលវាស្មុគស្មាញ​ ដែលការងារទាំងអស់នោះ គឺកំពុងតែសិក្សា​យ៉ាងល្អិត​ល្អន់ និងប្រុងប្រយ័ត្នបំផុត ដើម្បីឆ្លើយតប​នូវខ្លឹមសារ និង​អត្ថន័យ នៃនយោបាយឈ្នះ-ឈ្នះនេះ ឱ្យបានជាក់លាក់ ទើបសម្រេចយកមកតម្កល់ និង​យកមករៀបចំនៅក្នុងវិមានឈ្នះ-ឈ្នះនេះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា​ រវាងខ្លឹមសារ រចនា​បទ និងការចម្លាក់ចុងក្រោយ​នេះ គឺឱ្យស៊ីចង្វាក់គ្នា​ងាយយល់ច្បាស់លាស់ពីកិច្ចការ នៃដំណើរការឈ្នះ-ឈ្នះនេះ មានដំណើររឿងវារបៀបណា អ្វីជាគោល អ្វីជាកត្តា អ្វីជាយុទ្ធសាស្ត្រ គឺធ្វើឱ្យវាស៊ីចង្វាក់គ្នាតែម្តង ហើយបញ្ហាការងារនេះ​គឺមានមួយផ្នែកធំ កំពុងតែប្រគល់ភារកិច្ច ញ៉ែកចេញជាផ្នែកៗ ឱ្យមានភាពជាក់លាក់។ ចំពោះអ្វីដែលមានភាព កក់ក្តៅជាទីបំផុតនោះ គឺការលំអរនៅជុំវិញតួរនៃវិមានឈ្នះ-ឈ្នះនេះ គឺបានជោគជ័យជាក់ជាមិនខាន​នៅពេលខាងមុខនេះ​ ជាក់ស្តែងដូចជា ការដាំដើមឈើ​ ទោះបីជាមិនទាន់បានដុះប៉ុន្តែគឺមានគម្រោង​អស់ហើយ ចំពោះការសិក្សាស្រាវជ្រាវនោះទៀត គឺអាចធានាបានថាមិនមានបញ្ហាអ្វីនោះទេ​ គឺអាចនឹងធ្វើទាន់នៅក្នុង​អំឡុងមួយខែ ឬពីរខែនេះគឺដើមឈើនឹងអាចដុះបាននៅទីនេះហើយ។

សម្តេចពិជ័យសេនា ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនណាក្បូរក្បាច់រចនាបទមួយចំនួន ដែលមិនសូវស្មុញស្មាញហើយអាចឆ្លើយតបបាន ពេញលេញអត្ថន័យដែលចង់បាននោះ គឺវានឹងអាចហើយបាន១០០%​ មុនថ្ងៃសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ដោយឡែក រចនាបទខ្លះទៀត ដែលចង់ធ្វើឱ្យ​ចំអត្តន័យនោះ​គឺមានការពាក់ព័ន្ធជាមួយ នឹងការវិភាគច្រើនទៀត ដូចនេះវាគឺទាមទាឱ្យមានពេលវេលាច្រើនបន្តិច ដើម្បីសិក្សារៀនសូត្របន្ថែមទៀត​ តើវាចំអត្ថន័យកម្រិតណា​ តើវាត្រូវដាក់ឫមិនគួរដាក់ ហើយដាក់ទៅវាបានចំណេញយ៉ាងណាខ្លះ​? ដូវនេះហើយ​មានចំណុចខ្លះគឺមិនអាចធានាថារួចរាល់១០០%នោះទេ ​ព្រោះយើងធ្វើនេះទៅតាមតម្រូវការនៃខ្លឹមសាររបស់វា​​ព្រោះថា កន្លែងខ្លះបើគិតថាត្រូវហើយនិង​បង្ហើយវា តែចំពោះកន្លែងខ្លះទាមទារឱ្យមានការរង់ចាំទៀត ព្រោះមានកត្តាច្រើនណាស់ដែលយើងត្រូវរតែរង់ចាំ៕