(ភ្នំពេញ)៖​ បន្ទាប់ពីប្រតិបត្តិការនៅកម្ពុជា ជាច្រើនឆ្នាំក្រុមហ៊ុន Meizu បានបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មអតិថិជន និងទីតាំងបង្ហាញ របស់ក្រុមហ៊ុនមួយនៅកម្ពុជា។ ការបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មអតិថិជន និងទីតាំងបង្ហាញ របស់ក្រុមហ៊ុន Meizu ធ្វើឡើងនៅព្រឹកថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៨។

ជាមួយនឹងការដាក់សម្ពោធនេះ លោក ឃុន ហេង ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Meizu បានថ្លែងឲ្យដឹងពីភាព​វិជ្ជមាន នៃក្រុមហ៊ុនដែលបានមកដំណើរការ នៅក្នុងប្រទេសកម្ពុជានេះ។

លោក ឃុន ហេង បានថ្លែងឲ្យដឹងថា «រយៈពេល៦ខែ ឆ្នាំ២០១៨នេះ យើងទទួលបានការគាំទ្រគួរសម លើការប្រើប្រាស់ និងជាវស្មាតហ្វូន Meizu ដោយក្នុងឆ្នាំនេះការប្រើប្រាស់ស្មាតហ្វូន Meizu កើនឡើង១០% បើប្រៀបធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០១៧»

លោកបានបន្ដទៀតថា ការកើនឡើងនេះ បានធ្វើឲ្យក្រុមហ៊ុន Meizu បន្ដពង្រីកមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញ​ផលិតផលជាបន្ដបន្ទាប់។ ជាក់ស្ដែងក្នុងថ្ងៃនេះ ក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការ​ទីតាំងបង្ហាញថ្មីមួយទៀតហើយ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវមុន្នីរ៉េត ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកបានបន្ដទៀតថា មកទល់ពេលនេះក្រុមហ៊ុន Meizu បានមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញ​ផលិតផល ចំនួន២កន្លែងមកហើយ ហើយមជ្ឈមណ្ឌលនេះ ជាជំហានថ្មីមួយទៀតសម្រាប់ Meizu ក្នុងប្រទេសកម្ពុជា ក្នុងការបម្រើអតិថិជន និងផ្ដល់ទំនុកចិត្តដល់ដៃគូរពាណិជ្ជកម្ម ដែលតែងតែគាំទ្រ។

ក្នុងថ្ងៃសម្ពោធមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញ​ផលិតផលនេះ ក៏មានការតាំងបង្ហាញនូវទូរស័ព្ទដៃ ម៉ាកទំនើបៗសេរីចុងក្រោយ ក្នុងនោះក៏បានបង្ហាញនូវផលិតផលថ្មីមួយទៀត ដែលមានឈ្មោះថា Meizu M15 Plus, ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់ជាមួយអេក្រង់ Super Amoled ទំហំ5.95 ជាមួយកាមេរ៉ាភ្លោះ12+20 និងកាមេរ៉ា​មុខ20មេហ្គាភិចសេល៕