(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយប្រតិភូថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីសាកសួរសុខទុក្ខសំណេះសំណាលជាមួយ កងកម្លាំងប្រដាប់អាវុធចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋ ដែលខូចខាតដោយជំនន់ទឹកភ្លៀងនៅឃុំចំនួន៣ ក្នុងស្រុកមង្គលបូរី មានឃុំបត់ត្រង់ ឃុំរហាត់ទឹក ឃុំតាចំណោម។ កម្មវិធីប្រារព្វធ្វើនៅទីវាល ស្រែប្រឡាយ ភូមិក្រមល់ ឃុំរហាត់ទឹក​ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១០០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស គឺលោកតែងតែយកចិត្តទុកដាក់នូវសុទុក្ខ ព្រមទាំងទំនុកបំរុងជួយដោះស្រាយនូវរាល់ការលំបាកជូន ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងទាំងអស់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្ស និស្សិត យុវជនកាយរិទ្ធ កាកបាទក្រហម សសយក ដែលបានចូលរួមថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីនិងបានសាមគ្គីគ្នា រួបរួមគ្នា ជួយយកអាសារគ្នាក្នុងគ្រាជួបការលំបាកចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋយើងដែលទទួលរងដោយជំនន់ទឹកភ្លៀវនាពេលនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយឧបត្ថម្ភជាការលើកទឹកចិត្តដល់៖

ទី១៖ កងកម្លាំងសរុបចំនួន២០៩០នាក់ ទទួលបានមី១០៩៦កេស ទឹកក្រូច១៧១កេស ទឹកសុទ្ធ១៨២កេស ត្រីសាម៉ុង៤២០គីឡូក្រាម សាច់ក្រក៥៦០គីឡូក្រាម ពងទាប្រៃ៥៤៥០គ្រាប់ និងថវិកា៣៣លាន៥សែន៥ម៉ឺនរៀល
ទី២៖ ឧបត្ថម្ភក្រុមការងារស្រុកមង្គលបុរី ថវិកា២លានរៀល
ទី៣៖ ឧបត្ថម្ភឃុំចំណោម បត់ត្រង់ រហាត់ទឹក សរុបថវិកា៧លានរៀល
ទី៤៖ ឧបត្ថម្ភក្រុមយុវជនខេត្ត ថវិកា៨លាន៥ម៉ឺនរៀល
ទី៥៖ ឧបត្ថម្ភពេទ្យថវិកា១លានរៀល
ទី៦៖ ភូមិចំនួន៣០ សរុបថវិកា៣លានរៀល
ទី៧-ប្រជាពលរដ្ឋចូលរួម៨៨០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល៕