(ពិភពលោក)៖ រដ្ឋបាលលោក ដូណាល់ត្រាំ បានប្រកាសកាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះថា ខ្លួនកំពុងឈានទៅអនុវត្តការដំឡើងពន្ធ២៥ភាគរយ លើទំនិញនាំចូលពី ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់សរុប១៦ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មមួយជាមួយរដ្ឋាភិបាល ក្រុងប៉េកាំងកាន់តែរីករាលដាលកាន់តែខ្លាំង។

ពន្ធគយថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី២៣ ខែសីហា គឺជាការដំឡើងពន្ធលើកទីពីរ ដែលសហរដ្ឋអាមេរិក បានអនុវត្តលើទំនិញនាំចូលពីប្រទេសចិន នៅក្នុងជម្លោះស្តីពី ឱនភាពពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។ ការដំឡើងពន្ធលើកទីមួយលើផលិតផលដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារកាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅនេះ។ ប្រទេសចិនបានសងសឹកសហរដ្ឋអាមេរិកវិញនៅថ្ងៃបន្ទាប់ ដោយការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃជាទឹកប្រាក់១៦ពាន់លានដុល្លារ ដូចគ្នានឹងទង្វើសហរដ្ឋអាមេរិក។

ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា «ការយកពន្ធគយនេះ មានប្រសិទ្ធភាពល្អជាងអ្វីដែលមនុស្សធ្លាប់បានរំពឹងទុកក្តី» ប៉ុន្តែរបាយការណ៍ដែលចេញផ្សាយដោយ NBC បានបង្ហាញថា គម្រោងយកពន្ធរបស់លោកត្រាំ ហាក់គ្មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការនាំចេញរបស់ប្រទេស ចិន ទាល់តែសោះ ជាក់ស្តែងរបាយការណ៍ផ្លូវការមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ បានចង្អុលបង្ហាញថា ការនាំចេញរបស់ប្រទេសចិនបានកើនឡើង១២ភាគរយពីឆ្នាំទៅមួយឆ្នាំ ខណៈដែល AP បានឱ្យដឹងថា ការនាំចេញ របស់ប្រទេស ចិនបានកើនឡើង១៣,៣ភាគរយសម្រាប់ខែកក្កដាកន្លងទៅនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានឱ្យដឹងថា លោកដូណាល់ត្រាំ កំពុងពិចារណាក្នុងការបន្ថែមពន្ធគយដែលអាចប្រមូលបាននៅខែកញ្ញាខាងមុខ។ ទន្ទឹមនឹងនេះដែរ អ្នកជំនាញការពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន អាមេរិកបានចង្អុលបង្ហាញថា ប្រសិនបើប្រធានាធិបតីរូបនេះ ពិតជាចង់ដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន លោកគួរតែចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីកែសម្រួលវិស័យឧស្សាហកម្មរបស់សហរដ្ឋអាមេរិក និងដើម្បីផ្លាស់ប្តូររបៀបរបបនៃការទិញ និងប្រើប្រាស់របស់ប្រជាជនអាមេរិក។ អ្នកជំនាញទាំងនោះ បានរិះគន់សង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ត្រាំថា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យភាពរង្គោះរង្គើដល់ទីផ្សារសកលផងដែរ។

សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានរំឭកអំពីរឿងអប់រំខ្លីមួយដែលមានចំណងជើងថា «សត្វពស់ និងរណា» ។ ស្ថានភាពបច្ចុប្បន្នអាមេរិក និងចិន មិនខុសពីសត្វពស់ និងផ្លែរណានោះទេ។ ពស់អារម្មណ៍រងការឈឺចាប់បន្តិចបន្តួច បន្ទាប់ពេលរាងកាយប៉ះពាល់ផ្លែរណា។ នៅពេលសត្វពស់ព្យាយាមរឹតផ្លែរណាកាន់តែខ្លាំង គ្មានអ្វីដែលពស់ទទួលបានក្រៅពីការឈឺចាប់ដោយសារធ្មេញមុតស្រួចនៃផ្លែរណានោះទេ។ បន្ទាប់មកពស់កាន់តែខឹង ដោយគិតថាវារងការវាយប្រហារពីផ្លែរណា ជាការឆ្លើយតប ពស់ខំចាប់ផ្តើមរុំផ្លែរណា នឹងព្យាយាមរឹតកាន់តែខ្លាំង។ ប៉ុន្តែជាអកុសលដរាបណាសត្វពស់ កាន់តែពិបាករឹត នោះធ្មេញរណានឹងមុតសត្វពស់កាន់តែជ្រៅ។ នៅទីបំផុតពស់ត្រូវស្លាប់ ដោយសារទង្វើឆ្កួតលប់របស់ខ្លួនវាផ្ទាល់។

មេរៀនដកស្រង់ចេញពីរឿងនិទាននេះគឺ នៅពេលអាមេរិកជួបប្រទះនឹងបញ្ហា ឬវិបត្តិ ប្រទេសមហាអំណាចមួយនេះគួរតែរិះគិតដោយភាពសមហេតុផល ដើម្បីរកដំណោះស្រាយដោយសន្តិវិធីបញ្ចប់ជម្លោះ ជៀសវាងវិធានការខ្វះការគិតចំពោះគ្នាទៅវិញទៅមក ជាលទ្ធផលភាពឈឺចាប់ធ្លាក់មកលើអាមេរិកខ្លួនឯង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា