(កំពង់ឆ្នាំង)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ នៅផ្សារថ្នល់ទទឹង ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក យីវ ណារិន បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារថ្នល់ទទឹងនេះ បានផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បន្លែស្ពៃបូកគោ, សណ្តែកបណ្តុះ, គ្រឿងបុកម៉ត់ តែរកមិនឃើញ គ្រឿង ឧបភោគ បរិភោគណាមួយ មានសារធាតុគីមីហាមឃាត់ គឺទទួលបានលទ្ធផលល្អ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក យីវ ណារិន ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលអោយត្រូវ តាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម៕