(ព្រះវិហារ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយអង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋានបានធ្វើការចុះផ្សព្វផ្សាយអប់រំ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់លោកគ្រូ អ្នកគ្រូមកពី៤សាលាផ្សេងគ្នាក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ការចុះផ្សព្វផ្សាយអប់រំ ដល់លោកគ្រូ អ្នកគ្រូដែលជាគ្រូបង្គោលមកពីសាលានានានៅពេលនេះ គឺចង់ឲ្យពួកគាត់យល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណី អាហារដើម្បីឲ្យពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់សិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមរបស់គាត់ឲ្យមានការយល់ដឹងបន្តទៀតផងដែរ។

លោកបានបន្តថា «បើសិនជាពួកគាត់ជាគ្រូបង្គោល បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារបានច្បាស់លាស់នោះ ហាក់បីដូចជាបានចូលរួមក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋបានមួយផ្នែកធំដែរ។ ប៉ុន្តែបើយើងមិនបានយល់ច្បាស់ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគមិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាព និងមានជំងឺផ្សេងៗនាំឲ្យក្រុមគ្រួសារខាតបង់ថវិកាក្នុងការព្យាបាលជំងឺមិនខាន ហើយក្រៅពីនោះធ្វើឲ្យខាតបង់ពេលវេលា ក្នុងការប្រកបរបរផ្សេងៗមិនខាន»។

ប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការផ្តាំផ្ញើរដល់គ្រូបង្គោលទាំងអស់ដែលបានមករៀននៅពេលនេះ ពេលត្រឡប់ទៅវិញត្រូវធ្វើការផ្សព្វផ្សាយបន្តឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង ពិសេសមុននិងទិញគ្រឿងឧបភោគ បរិភោគដែលគេវេចខ្ចប់ជាកំប៉ុងក្តី ជាដបក្តី ឫជាថង់ក្តីត្រូវពិនិត្យមើលស្លាកសញ្ញា ឫកាលបរិច្ឆេទដែលមានបិទ ឫបោះពុម្ភភ្ជាប់នៅតាមកំប៉ុងដប
ថង់ទាំងនោះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការប៉ះពាល់សុខភាព៕