(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង នៅព្រឹកថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៨នេះ លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន Morgan Tower បានថ្លែងថា អគារថ្មីរបស់លោកឈ្មោះ Morgan Tower ដែលមានកម្ពស់២១០ម៉ែត្រ ស្មើនឹង៤៦ជាន់ នៅលេចឡើងនៅកោះពេជ្រ នាពេលឆាប់ៗនេះ។ លោកអគ្គនាយកក៏បានអញ្ជើញឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាអធិបតីភាពពិធីបើកការស្ថានសាងសង់អគារដ៏ប្រណិតនេះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ផងដែរ។

លោក Ding Yongjun បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងថ្ងៃបើកការស្ថានសាងសង់អគារ Morgan Tower នៅកោះពេជ្រ បានអញ្ជើញឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង ហើយអគារនេះមានកម្ពស់២១០ម៉ែត្រ និងមានចំនួន៤៦ជាន់ ដែលជាបណ្តុំការិយាល័យ សាលប្រជុំ សណ្ឋាគារ ភោជនីយដ្ឋាន និង Sky Bar ដែលសន្សំសំចៃថាមពល មុនគេបង្អស់នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨»

លោកអគ្គនាយកក្រុមហ៊ុន បានបន្តថា ក្រៅពីទីក្រុងកោះពេជ្រក្រុមហ៊ុននឹងមានគម្រោងសាងសង់អគារលំដាប់ផ្កាយប្រាំនៅក្រុងព្រះសីហនុផងដែរ ហើយក្រុមហ៊ុន Morgan Tower ជាក្រុមហ៊ុនដែលបានសាងសង់អគារទំនើបៗ នៅប្រទេសចិន ដូចជាទីក្រុងសៀងហៃ និងឈឹងឌូ ជាដើម។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបថា ប្រទេសកម្ពុជាមានបរិយាកាសវិនិយោគល្អណាស់ ដោយសារមានស្ថិរភាពនយោបាយ សន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ជាង២០ឆ្នាំមកហើយ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា នៅពេលថ្មីៗនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ឃើញមានប្រជាពលរដ្ឋបានអញ្ជើញចូលរួមទៅបោះឆ្នោតយ៉ាងច្រើនលើសលប់ រហូតដល់៨៣ភាគរយ ទាំងនេះសរបញ្ជាក់ឱ្យឃើញថាកម្ពុជា ជាប្រទេសមានលទ្ធិប្រជាធិបតេយ្យ ពេញលេញពិតប្រាកដ៕