(កំពង់ចាម)៖ ឯកអគ្គរដ្ឋទូតសាធារដ្ឋប្រជាមានិតចិន លោក ស្ហុង បូ (Xiong Bo) និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា បានចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១៥២៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ ពិធីចែកអំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកអគ្គរដ្ឋទូតចិន លោក ស្ហុង បូ បានថ្លែងក្នុងឱកាសនោះថា មានប្រទេសច្រើនដែលរងគ្រោះដោយសារទឹកជំនន់ សូម្បីតែប្រទេសចិនក៏មានប្រជាជនរងគ្រោះដោយសារទឹកជំនន់ ដូចប្រជាជនកម្ពុជា នាពេលនេះដែរ ដូច្នេះលោកពិតជាយល់នូវអារម្មណ៍មួយ ហើយក្នុងពេលនេះ លោកបានចាត់ទុកការលំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាទុកលំបាករបស់ប្រជាជនចិនដូច្នោះដែរ ទើបប្រទេសចិន បានធ្វើជាអំណោយចែកជូនប្រជាពលរដ្ឋកម្ពុជានាពេលនេះ បើទោះជាអំណោយចំនួននៅមានកម្រិតយ៉ាងណាក៏គ្រាន់ជាការបញ្ជាក់ ពីទឹកចិត្តក្នុងនាមប្រទេសជាមិត្តជួយមិត្តក្នុងគ្រាជួបការលំបាក។

ម្យ៉ាងទៀតលោក ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងអាចដោះស្រាយ លើបញ្ហានេះដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅមានភាពប្រក្រតី ឡើងវិញមិនខាន។ ចំណែកប្រទេសចិន នៅតែរឹតចំណងមិត្តភាព ជាមួយប្រទេសកម្ពុជា ដើម្បីជួយធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍនបន្ថែមទៀត។

លោក ហ៊ុន ម៉ានី សមាជិកព្រឹទ្ធសភា បានមានប្រសាសន៍ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយមិនថា ពេលឃោសនាបោះឆ្នោត មិនថាពេលបោះឆ្នោត មិនថា ពេលបោះឆ្នោតរួចនោះទេ គឺនៅពេលប្រជាពលរដ្ឋជួបការលំបាកដូចជា ជួបគ្រោះមហន្តរាយ ហើយត្រូវការជំនួយពីរដ្ឋាភិបាល ពេលនោះតែងតែមានវត្តមានរបស់ គណបក្សប្រជាជនជានិច្ច ក្នុងការចុះមកជួយ និងយកចិត្តទុកដាក់អំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺតំបន់ណាដែលមានហានិភ័យ រងគ្រោះដោយសារទឹកជំនន់នេះ។

លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា មុនពេលមានជំនន់នេះរាជរដ្ឋាភិបាល បានចេញសារាចរណ៍ណែនាំឲ្យមន្ត្រីអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រៀមខ្លួនជាស្រេចបង្ការ តាមដាននូវកន្លែងណាដែលមានទឹកឡើងដល់ចំណុចជួយសង្គ្រោះ ហើយត្រូវមានវិធានការណ៍ឲ្យទាន់ពេលវេលា និងកក់ក្តៅបំផុត ធ្វើយ៉ាងណាជំលៀសប្រជាពលរដ្ឋចេញពីផ្ទះ ទៅរកទួសសុវត្ថិភាព។ ជាក់ស្តែងមកដល់ពេលនេះឃើញថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ បានអនុវត្តជួយសង្គ្រោះប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់លោក ស្ហុង បូ ឯកអគ្គរដ្ឋទូតសាធារដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងសហការី ព្រមទាំងប្រជាជនចិន ដែលបានធ្វើជាអំណោយ មកចែកជូនប្រជាពលរដ្ឋកម្ពុជានាពេលមានគ្រោះទឹកជំនន់នេះ។

សូមជំរាបថា បន្ទាប់ពីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ឯកអគ្គរដ្ឋទូតចិន និងលោក ហ៊ុន​ ម៉ានី បានបន្តចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមផងដែរ៕