(ព្រៃវែង)៖ ​នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកព្រះស្តេច ខេត្តព្រៃវែង ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងផ្លូវចំនួន០២ខ្សែ ប្រវែង​២៣,០០០ម៉ែត្រ ស្ថិតក្នុងឃុំកំពង់សឹង និងឃុំរាធរ ស្រុកព្រះស្តេច​។

បន្ថែមលើនេះទៀត ​នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានចូលរួមឧបត្ថម្ភជាថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងសហការគ្នា ចាក់ដីទប់ស្កាត់កន្លែងដែលមានទឹកជន់ឡើងកាត់ផ្លូវ​។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បាន​នាំនូវសេចក្តីជូនដំណឹងរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ក៏ដូចជា​សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ​ឲ្យមន្រ្តីរាជរដ្ឋាភិបាល និងសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ ដែលជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន​ ត្រូវគិតគូរជួយដល់ប្រជាពលរដ្ឋ ដែលគាត់ត្រូវការឲ្យយើងជួយលើគ្រប់វិស័យ​។

ថ្នាក់ដឹកនាំរូបនេះ ​ក៏បានជម្រាបជូន​អាជ្ញាធរស្រុក ឃុំ ក៏ដូចជាប្រជាពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្ន នៅលើចំណីផ្លូវអំពីសារៈប្រយោជន៍ចំណីដីផ្លូវ ហើយបានសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំរំលោភបំពានលើដីចំណីផ្លូវមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យខូចតួរផ្លូវ និងបាត់បង់នូវសណ្តាប់ធ្នាប់ សាធារណៈ​។

ជាចុងបញ្ចប់ ការចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងផ្លូវមួយចំនួន០២ខ្សែ ប្រវែង​២៣,០០០ម៉ែត្រ ស្ថិតក្នុងឃុំកំពង់សឹង និងឃុំរាធរ ស្រុកព្រះស្តេច និងការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបាននូវសេចក្តីត្រេកអរព្រមទាំងការថ្លែងអំណរគុណ ពីសំណាក់ប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋាន ជូនដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានភាពទទួលខុសត្រូវ៕