(ភ្នំពេញ)៖ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (CFA) គឺជាស្ថាប័នចម្រុះ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណង ជួយគាំទ្រការអភិវឌ្ឍន៍ នៃវិស័យ FinTech ក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញកិច្ចសហការ រវាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងឡាយ ក្នុងប្រព័ន្ធអេកូ FinTech ក្នុងប្រទេសកម្ពុជា។ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានបើកសម្ពោធជាផ្លូវការ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅជាន់ទី៣៦ ខែអគារវឌ្ឍនៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ​ដៃគូពាណិជ្ជកម្ម តំណាងក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាច្រើននាក់ទៀត។

សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នមួយ ដែលសមាជិករបស់ខ្លួន តំណាងឲ្យភាគីពាក់ព័ន្ធគ្រប់រូបភាព ក្នុងវិស័យ FinTech ចាប់តាំងពីក្រុមហ៊ុនច្នៃប្រឌិត ក្នុងដំណាក់កាលដំបូង រហូតដល់ក្រុមហ៊ុនធំៗ ដែលនាំមុខក្នុងផ្នែកហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាកម្មនានា។ ដើម្បីពង្រឹងគោលបំណង នៃការអភិវឌ្ឍវិស័យ FinTech ក្នុងប្រទេសកម្ពុជា សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូជាមួយស្ថាប័ន និងសមាគមនានាពីប្រទេសកម្ពុជា និង​ទូទាំងសកលលោក ដើម្បីសហការ ទៅលើគំនិតផ្តួចផ្តើមផ្សេងៗ ទាក់ទងនឹងវិស័យ FinTech។

ដើម្បីជាកិច្ចចាប់ផ្តើម ពួកយើងបានចុះហត្ថលេខា លើអនុស្សរណៈជាមួយសមាគម អ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុផ្លូវការ ពីប្រទេសសឹង្ហបុរី តៃវ៉ាន់ និងថៃ។ តាមរយៈអនុស្សរណៈមួយនេះ សមាគមទាំងបួនយល់ព្រម ក្នុងការសហការ និងបន្តចូលរួមក្នុងគោលបំណង រួមចំណែកក្នុងការអភិវឌ្ឍន៍នៃវិស័យ Fintech ក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ី។

សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា អនុវត្តនូវការងារសំខាន់ៗចំនួន បួនសម្រាប់សមាជិករបស់ខ្លួនមានដូចជា:
ទី១,​ ជាជើងឯក​ –​​ផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាល និងនិយតករទៅលើការផ្លាស់ប្តូរគោលនយោបាយនានា ដែលគាំទ្រភាពច្នៃប្រឌិត និងការរីកលូតលាស់នៃ Fintech។
ទី២, ជាអ្នកផ្តល់ជំនួយ​ –​ផ្តល់ការស្រាវជ្រាវ ជំនួយផ្នែកច្បាប់/បទបញ្ញត្តិ ការបញ្ចុះតម្លៃសម្រាប់អ្នកផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជួយសមាជិករបស់យើង ក្នុងការកសាង និងពង្រីក Startup របស់ពួកគេ។
ទី៣, ជាអ្នកផ្សំផ្គុំ –​បញ្ចុះបញ្ចូលអតិថិជនឲ្យទិញ វិនិយោគិនឲ្យវិនិយោគ និងអ្នកមានទេពកោសល្យ ឲ្យចូលរួមក្នុងដំណោះស្រាយ Fintech នានា។
ទី៤, ជាស្ពានតភ្ជាប់ទំនាក់ទំនង –​តភ្ជាប់ការបណ្តាក់ទុន (ធនធាន) ទេពកោសល្យ (ការអប់រំ) និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងប្រព័ន្ធអេកូ Fintech កម្ពុជា និងផ្តល់នូវទំនាក់ទំនាក់ ទៅកាន់មជ្ឈមណ្ឌលនានា នៅក្រៅប្រទេសតាមរយៈបណ្តាញ នៃកម្មវិធីនិងដៃគូរបស់ពួកយើង។

ជាមួយនឹងភាពរឹងមាំ នៃអ្នកចូលរួមផ្សេងៗទាំងឡាយ ដែលត្រូវបានប្រមូលផ្តុំដោយសមាគមមួយនេះ ពួកយើងសង្ឃឹមថា វានឹងអាចបង្កើតកាតាលី​ស សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត ប្រកបដោយនិរន្តរភាពសម្រាប់វិស័យ Fintech នៅក្នុងប្រទេសកម្ពុជា៕