(កំពង់ស្ពឺ)៖ រដ្ឋបាលសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានរឹតបន្តឹងការងារសណ្តាប់ធ្នាប់ជុំវិញផ្សាកំពង់ស្ពឺ គ្រាដែលកន្លងមកមានពលរដ្ឋរិះគន់ ចំពោះការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ កត្តានេះបានធ្វើឲ្យអាជ្ញាធរ ត្រូវការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រង់ចំណុចខ្លះៗជុំវិញផ្សាកំពង់ស្ពឺនេះ។

យោងតាមលិខិតរបស់សាលាក្រុងច្បារមន បានចេញឲ្យម្ចាស់កន្លែងផ្ញើម៉ូតូថា ត្រូវបញ្ឈប់ការរៀបម៉ូតូផ្ញើយកលុយនៅលើផ្លូវសាធារណៈ និងការយកថ្លៃផ្ញើម៉ូតូលើសពីការកំណត់ក្នុងសៀវភៅបន្ទុក។

ក្នុងនោះ រដ្ឋបាលក្រុងច្បារមន សូមជម្រាបជូនម្ចាស់ទីតាំងចំនួន៤កន្លែង៖

*ទី១៖ លោក ណុប សានីន ម្ចាស់ទីតាំងផ្ញើម៉ូតូ នៅខាងជើងផ្សារកំពង់ស្ពឺ
*ទី២៖ ឈ្មោះ សៅ វ័ន្ត ម្ចាស់ទីតាំងផ្ញើម៉ូតូ នៅខាងជើងផ្សារកំពង់ស្ពឺ
*ទី៣៖ ឈ្មោះ ថូ ធា ម្ចាស់ទីតាំងផ្ញើម៉ូតូ នៅខាងជើងផ្សារកំពង់ស្ពឺ
*ទី៤៖ ឈ្មោះ ជន ស្រីនិចម្ចាស់ទីតាំងផ្ញើម៉ូតូ នៅខាងជើងផ្សារកំពង់ស្ពឺ។

សាលាក្រុងច្បារមន បានពិនិត្យឃើញថា កន្លងមកទីតាំងផ្ញើម៉ូតូរបស់លោក បានដាក់រៀបម៉ូតូយកលុយ នៅលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ បង្កឲ្យមានការកកស្ទះ បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង ព្រមទាំងបានយកកម្រៃលើសពីការកំណត់ក្នុងសៀវភៅបន្ទុក ជាហេតុធ្វើឲ្យមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សាធារណជន។

ហេតុដូចនេះ រដ្ឋបាលក្រុងច្បារមន សូមម្ចាស់ទីតាំងបញ្ឈប់ការរៀបម៉ូតូផ្ញើយកលុយ នៅលើផ្លូវសាធារណៈ និងការយកថ្លៃផ្ញើម៉ូតូលើសពីការកំណត់ក្នុងសៀវភៅបន្ទុកចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោក ហុក ម៉ារ៉ាឌី អភិបាលក្រុច្បារមន បានឲ្យដឹងថា បើម្ចាស់ទីតាំងមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់៕