(ព្រះសីហនុ)៖ ម្ចាស់លំនៅឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា នៅទូទាំងប្រទេសកម្ពុជា នៅពេលនេះអាចទទួលអត្ថប្រយោជន៍ ពីសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុន អេសស៊ីជី (SCG) ដែលសេវាកម្មនេះមានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយ ក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ។

ម្ចាស់លំនៅដ្ឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅឋាន ឬអគារផ្សេងៗ អាចមានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកជាងសំណង់ដែលត្រូវគ្នាជាមួយនឹងគម្រោងរបស់ខ្លួន តាមរយៈការចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ដែលមានគុណវុឌ្ឍត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។
សេវាកម្មផ្គូផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល ។

អ្នកស្រី ឃាង ចិន្ដាមុនី ដែលជាម្ចាស់លំនៅឋានរស់នៅរាជធានីភ្នំពេញ និងកំពុងតែសាងសង់ផ្ទះនៅឯខេត្តព្រះសីហនុ បានថ្លែងថា «សេវាកម្មនេះងាយស្រួល និងលឿនជាងការគិតរបស់ខ្ញុំទៅទៀត។ ខ្ញុំគ្រាន់តែដាក់ពាក្យតាមអនឡាញស្វែងរកជាងសំណង់ ហើយបន្ទាប់មក គឺអេសស៊ីជី ជាអ្នកជួយគ្រប់យ៉ាង។ អេសស៊ីជីបង្ហាញបញ្ជីឈ្មោះជាងសំណង់ដែលមានសមត្ថភាពឲ្យខ្ញុំបានឃើញ ហើយបន្ទាប់មកខ្ញុំចរចារដើម្បីស្វែងរកជាងសំណង់ល្អបំផុត ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ខ្ញុំ។ ក្រៅពីបានទទួលជាងសំណង់ដែលមានគុណភាពហើយ ខ្ញុំថែមទាំងអាចស្វែងរកសម្ភារសំណង់ដែលមានគុណភាព ក្នុងតម្លៃសមរម្យថែមទៀតផង»។

ជាងសំណង់ដែលបានទទួលគម្រោងសាងសង់ពីអ្នកស្រី ឃាង ចិន្ដាមុនី គឺលោក ព្រំ បុរី។ លោកទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជី ហើយលោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជនល្អៗ។

លោក បុរី បានពន្យល់ថា«កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជី បានជួយអភិវឌ្ឍជំនាញរបស់ខ្ញុំ ហើយធានាថា ខ្ញុំអាចធ្វើការងារប្រកបដោយគុណភាពសម្រាប់អតិថិជន។ ពេលនេះខ្ញុំចាប់ផ្ដើមទទួលបានអតិថិជនកាន់តែច្រើន ដូច្នេះ មានន័យថា ខ្ញុំនឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនសម្រាប់ក្រុមគ្រួសារ។ ក្រៅពីអតិថិជនដែលមកជួបខ្ញុំផ្ទាល់ អេសស៊ីជី នៅតែជួយខ្ញុំក្នុងការទទួលបានគម្រោងសាងសង់ផ្សេងៗតាមរយៈសេវាកម្មផ្គូផ្គងរបស់ក្រុមហ៊ុន។ ដូចជាគម្រោងសាងសង់មួយនេះជាដើម គឺជាការងារដែលខ្ញុំទទួលបានតាមរយៈសេវាកម្មផ្គូផ្គងនេះ បើទោះបីជាខ្ញុំមិនបានផ្សព្វផ្សាយអំពីខ្លួនឯងក្តី»

អេសស៊ីជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថាន NPIC និង CTSDI ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្ត របស់អេសស៊ីជី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែង របស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា «ក្រុមហ៊ុនអេសស៊ីជី មានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់គ្នា។ យើងអាចយល់បានពីបញ្ហារបស់ម្ចាស់លំនៅដ្ឋាន ដែលគិតថាការស្វែងរកជាងសំណង់គឺជារឿងស្មុគស្មាញ ហើយពិបាកក្នុងការស្វែងរកជាងសំណង់ដែលមានគុណភាព។ ខណៈដែលជាងសំណង់ពុំមានឱកាសផ្សព្វផ្សាយអំពីខ្លួនឯង និងទទួលបានការងារឲ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូល ដូច្នេះ យើងមានក្តី រីករាយក្នុងការជួយដល់ជាងសំណង់ ដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ឲ្យទទួលបានអតិថិជនកាន់តែច្រើន ដោយផ្គូផ្គងពួកគេជាមួយនឹងម្ចាស់លំនៅឋាន ដែលកំពុងស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព»។

ម្ចាស់លំនៅឋាន និងម្ចាស់គម្រោងសាងសង់អចលនទ្រព្យដែលកំពុងស្វែងរកជាងសំណង់ អាចចុះឈ្មោះតាមរយៈការទូរស័ព្ទទៅការិយាល័យព័ត៌មានរបស់អេសស៊ីជី៖ ០៩៥-៩៩៩-៥០០ ឬទាក់ទងតាមទំព័រ Facebook ក៏ដូចជាតាមរយៈគេហទំព័រ (https://kh.scgbuildingmaterials.com/contractor-matching) ដោយឥតគិតថ្លៃ ៕