(បាត់ដំបង)៖ គិតមកដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់១៣.៧៥ម៉ែត្រ ដែលជាកម្ពស់ទឹកក្នុងកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលតំបន់ផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ត្រូវបានទឹកជន់លិចជាបណ្ដើរៗ តាមរយៈហូរតាមលូ។ នេះបើយោងតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក។

យ៉ាងណាក៏ដោយ នៅពេលនេះ អាជ្ញាធរ កម្លាំងសមត្ថកិច្ច បូករួមទាំងកម្លាំងយោធារបស់ភូមិភាគទី៥ជាច្រើននាក់ កំពុងតែជួយអន្ដរាគមន៍យកប៉ាវខ្សាច់ ដែលផ្ដល់ជូនដោយលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ចំនួន៥,០០០បាវ ទៅបិតតាមមាត់ស្ទឹងដែលទាបជាងគេ ក្នុងគោលបំណងការពារទឹកឡើងបន្ដ ហើយហូរចូលក្រុងបាត់ដំបង។

សម្រាប់ស្ថានភាពកម្ពស់ទឹកនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា នៅវេលាម៉ោង៤ ឬ៥ល្ងាចនេះ នឹងចាប់ផ្ដើមស្រកហើយ ក៏ព្រោះតែលំហូរទឹកពីផ្នែកខាងលើ ត្រូវបានរដ្ឋមន្ដ្រីក្រសួងធនធានទឹក ចាត់ឲ្យក្រុមការងារធ្វើការទប់ស្កាត់ និងបង្ហូរចេញទៅតាមប្រឡាយមេមួយចំនួន។

លោក ចាន់ យុត្ថា បានពន្យល់ថា ការកើនឡើងកម្ពស់ទឹកស្ទឹងសង្កែ ដោយផ្ដើមចេញពីការធ្លាក់ភ្លៀងកាលពីម្សិលមិញ រហូតដល់៩៧មីលីម៉ែត្រ នៅក្នុងផ្ទៃរងទឹកភ្លៀងប្រទេសថៃ និងផ្ទៃរងទឹកភ្លៀងក្នុងស្រុកសំឡូត។ បន្ទាប់មកទឹកនេះ បានប្រមូលចូលស្ទឹងសង្កែនៅផ្នែកខាងលើរហូតដល់ទៅ២,០០០ម៉ែត្រគូប ក្នុងមួយវិនាទី។ មកដល់ទំបន់សេកសក ក្នុងស្រុករតនមណ្ឌល លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យស្តុកទុកក្នុងអាង និងអនុញ្ញាតឲ្យបញ្ចេញវិញតាមទ្វារទឹកទាំង៧ ត្រឹមតែ១,២៥០ម៉ែត្រគូប ប៉ុណ្ណោះ ក្នុងមួយវិនាទី។

បន្ទាប់មកទឹកនេះ បានហូរមកដល់ទំបន់កង្ហត ក្នុងស្រុកបាណន់ ពេលនោះលោករដ្ឋមន្ដ្រីឲ្យបង្វែរហូរទៅប្រឡាយមេ២ខ្សែ ដែលអាចស្រូបយកបាន១៥០ម៉ែត្រគូប ក្នុងមួយវិនាទី ដូច្នេះទឹកដែលហូរចាក់បន្ដ មកកាន់ស្ទឹងសង្កែ ត្រឹមកម្រិត១,០៥០ ទៅ១,១០០ម៉ែត្រគូប ក្នុងមួយវិនាទី ហើយនៅព្រឹកថ្ងៃទី១៦ ខែសីហានេះ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យទម្លាក់ទ្វារទឹកចុះបន្ថែមទៀត ដើម្បីកាត់បន្ថយធារទឹក នៅផ្នែកខាងក្រោម ។

បើតាមលោក ចាន់ យុត្ថា ទឹកស្ទឹងសង្កែ បានកើនឡើងដល់កម្ពស់១៣.៧៥ម៉ែត្រ ជាកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ហើយកម្រិតប្រកាសអាសន្ន គឺ១៤.៥០ម៉ែត្រ ដូច្នេះកម្ពស់ទឹកត្រឹមនេះ ធ្វើឲ្យមាត់ស្ទឹងដែលទាបជាងគេ ស្ថិតនៅក្នុងភូមិចិន សង្កាត់ព្រែកព្រះស្ដេច អាចប្រឈមការហ៊ាចូលក្រុងបាត់ដំបង ដែលតម្រូវឲ្យក្រសួង និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចជួយអន្ដរាគមន៍ ដាក់ប៉ាវខ្សាច់ ៕