(កំពត)៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីអំពីការដោះស្រាយបញ្ហាប្រឈម និងកែលម្អសោភ័ណភាពក្រុងកំពតស្អាត នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យប្រធានមន្ទីរ ចៅហ្វាយក្រុង និងចៅសង្កាត់ទាំងអស់ត្រូវខិតខំធ្វើការរួមគ្នាឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកែលម្អសោភ័ណភាពទីក្រុងកំពតស្អាត។

លោក ជាវ តាយ សង្ឃឹមយ៉ាងមុតមាំថា ថ្ងៃខាងមុខឆាប់ៗនេះ ក្រុងកំពតនឹងក្លាយជាក្រុងមួយ មានសោភ័ណភាពស្អាត បរិស្ថានស្អាត គ្មានសំរាម ខ្យល់អាកាសបរិសុទ្ធ ពិសេសមានផ្លូវល្អ ប្រព័ន្ធលូបង្ហូរទឺកគ្មានបញ្ហាកកស្ទះ ប្រព័ន្ធខ្សែបណ្តាញអគ្គិសនី មានរបៀបរៀបរយ បណ្តាញផ្គត់ផ្គង់ទឹកស្អាតមានគ្រប់ទីកន្លែង។

លោកអភិបាលខេត្ត បានបន្តថា ក្រុងកំពត ជាក្រុងទេសចរណ៍មួយ ដែលទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទងពីរឆ្នាំជាប់ៗគ្នាក៏ពិតមែន ប៉ុន្តែក្រុងនេះនៅមានបញ្ហាជាច្រើន ដែលត្រូវធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ទាំងការអភិវឌ្ឍ និងការកែលម្អសោភ័ណភាព ហើយដើម្បីឲ្យការងារនេះទទួលបានជោគជ័យតាមការរំពឹងទុក ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុង និងចៅសង្កាត់នីមួយៗ ដែលជាអ្នកចុះជាប់ និងដឹងពីស្ថានភាពជាក់ស្តែងជាងនរណាៗទាំងអស់ ត្រូវសហការ ចូលរួមដោះស្រាយ បញ្ហាប្រឈមរួមគ្នា។

ពាក់ព័ន្ធបញ្ហាប្រឈមចម្បង មានបញ្ហាផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក បណ្តាញទឹកស្អាត បណ្តាញប្រព័ន្ធអគ្គិសនី និងបញ្ហាសំរាម ដែលបញ្ហាទាំងអស់នេះប្រធានមន្ទីរពាក់ព័ន្ទ អភិបាលក្រុង និងចៅសង្កាត់ត្រូវជួបប្រជុំគ្នា ឲ្យយោបល់គ្នា រួមគ្នាដោះស្រាយបញ្ហា និងតាមដានឲ្យបានច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ ចំពោះការងារនីមួយៗ របស់ខ្លួន។

បើតាម លោ​ក​ ជាវ តាយ កន្លងមកកម្រោងធ្វើផ្លូវ ការដាក់លូ ការតបណ្តាញអគ្គិសនីផ្សេងៗ មន្ទីរជំនាញក្រុង និងសង្កាត់មិនបានពិនិត្យតាមដានឲ្យច្បាស់ទេ ក្រុមហ៊ុនអាចធ្វើតាមអំពើចិត្ត គុណភាពក៏មិនល្អ អូសបន្លាយពេលយូរ ធ្វើឲ្យប្រជាពលរដ្ឋរអ៊ូ និងលេចឮពាក្យមតិរិះគន់តាមប្រពន្ធសង្គមផ្សេងៗ។ ​យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ជឿជាក់ថាមន្ត្រីទាំងអស់មានឆន្ទៈ និងសមត្ថភាព ប៉ុន្តែកន្លងមកខ្វះការរសហការគ្នា ទើបធ្វើឲ្យការងារមិនសូវមានប្រសិទ្ធភាព៕