(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នគរបាល និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដាក់លក់ ក្នុងផ្សារក្នុងស្រុកចំនួន២ ដោយរកឃើញទំនិញខូចគុណភាព១៦៨គីឡូក្រាម ដាក់តាំងលក់នៅផ្សារថ្មគោល ស្រុកថ្មគោល និងផ្សារខ្នាចរមាស ស្រុកបវេល ហើយយកមករក្សាទុកនៅសាខា ដើម្បីធ្វើការដុតកម្ទេចចោលតាមក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នគរបាល និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដាក់លក់តាមផ្សារ២កន្លែង គឺនៅផ្សារថ្មគោល ស្រុកថ្មគោល និងផ្សារខ្នាចរមាស ស្រុកបវេល ដោយរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទំនិញ ជាម្ហូបអាហារដែលដាក់ សារធាតុគីមី ហាមឃាត់ចំនួន១៦៨គីឡូក្រាម រូចក្រុមការងារបានរឹបអូសយកមករក្សាទុក នៅសាខាខេត្តរង់ចាំដុតកម្ទេចចោលនៅពេលក្រោយ។

លោកបានបញ្ជាក់ថា ទោះជាអាជីវករមួយចំនួន នៅមិនទាន់យល់ពីផលប៉ះពាល់សុខភាព ដោយនៅតែដាក់លក់ទំនិញរបស់ខ្លួនខូចគុណភាព និងមានការហួសកាលបរិច្ឆេទកំណត់យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ ធ្វើការទប់ស្កាត់ និងណែនាំពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ជាប្រចាំ។ ម្យ៉ាងវិញទៀត អ្នកដែលដាក់លក់ទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ គឺសមត្ថកិច្ចជំនាញ តែងតែទប់ស្កាត់បានទាន់វេលារហូតមកផងដែរ។

លោកប្រធានសាខាកាំកុងត្រូល បានបន្តទៀតថា ក្នុងនាមមន្រ្តីជំនាញនៅតែបន្តធ្វើការអប់រំ ផ្សព្វផ្សាយជាប្រចាំ ដោយផ្ទាល់ និងតាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគទាំងអស់គ្នា និងហាមអ្នកនាំចូលបញ្ឈប់ការនាំទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរ មុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ប្រយ័ត្នធ្វើឲ្យចខូចសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា៕