(បាងកក-ថៃ)៖ ក្រសួងពាណិជ្ជកម្មថៃ រួមជាមួយដៃគូសហការជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បានរៀបចំវេទិកា CLMVT 2018 ក្រោមប្រធានបទ «ផ្តើមតាមរយៈប្រពន្ធ័បច្ចេកវិទ្យា-Taking-Off through Technology» ដែលធ្វើឡើង នៅ​​ជាន់ទី២២ នៃសណ្ឋាគារ Centara Grand and Bangkok Convention Center at Central World ក្នុងទីក្រុងបាងកក ប្រទេសថៃ។

វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានថ្លែងសុន្ទរកថា បើកជាផ្លូវការ ដោយលោកឧត្តមសេនីយ៍ Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ។ វេទិកានេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែសីហា ឆ្នាំ២០១៨។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច រវាងបណ្តាប្រទេស CLMVT ដែលមានដូចជា ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ និងដើម្បីជំរុញសហប្រតិបត្តិការក្នុងតំបន់ រួមគ្នាដោះស្រាយ ប្រឈមបញ្ហានានា ក្នុងបរិបទពាណិជ្ជកម្មពិភពលោក ហើយវេទិកានៅឆ្នាំនេះ សង្កត់ធ្ងន់ទៅលើការប្រើប្រាស់បច្ចកវិទ្យាឌីជីថល ប្រកបដោយនិរន្តភាព។

ប្រទេសថៃ បានផ្តូចផ្តើមគំនិតបង្កើតវេទិកា CLMVT ឡើងនៅក្នុងឆ្នាំ២០១៦ ដើម្បីរឹតបន្តឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងបណ្តាប្រទេស CLMVT ព្រមទាំងជំរុញបណ្តាញកិច្ចសហប្រតិបត្តិការគ្រប់កម្រិត។

វេទិកា CLMVT ឆ្នាំ២០១៨ ក៏បានធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញភាពរុងរឿងរួមគ្នា ក្នុងតំបន់ព្រមជាមួយនឹងគោលដៅការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងបរិបទសេដ្ឋកិច្ចនាពេលបច្ចប្បន្ន ព្រមទាំងដើម្បីពង្រឹង និងអភិវឌ្ឍបណ្តាញអ្នកធ្វើអាជីវកម្ម សហគ្រិន អ្នកធ្វើគោលនយោបាយ និងយុវជនជំនាន់ថ្មី នៅក្នុងតំបន់ CLMVT។

វេទិការនេះមានការអញ្ចើញចូលរួមពីរដ្ឋមន្រ្តីពាណិជ្ជកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងនាយកប្រតិបត្តិជាន់ខ្ពស់ និងសហគ្រាសធុនតូច និងមធ្យម ជាមួយអ្នកជំនួញ និងសហគ្រិនវ័យក្មេងផ្សេងៗទៀត ដែលបានបច្ចេកវិទ្យា ក្នុងការជំរុញទាក់ទងពាណិជ្ជកម្ម សេដ្ឋកិច្ច មកពីបណ្តាប្រទេស CLMVT ។

ប្រធានបទសម្រាប់ថ្ងៃទី១ គឺថ្ងៃទី១៦ ខែសីហា ២០១៨នេះ និយាយអំពី «បច្ចេកវិទ្យាដើម្បីបំលាស់ប្តូរជំនួញ និងវិនិយោគ-Technology to Change Trade and Investment» ដែលមានការថ្លែងសុន្ទរកថា និងការពិភាក្សារអំពីការផ្លាស់ប្តូរ នៃសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងដោយសារការវិត្តន៍របស់បច្ចេកវិទ្យា ហើយក៏មានការពិភាក្សារទៅលើ Digital Trade Eco system និងឱកាសរបស់បណ្តាប្រទេស CLMVT ក្នុងការធ្វើជំនួញ​ និងវិនិយោគ តាមរយៈ Digital Platform ព្រមទាំងការផ្លាស់ប្តូរយោបល់រវាងរដ្ឋមន្ត្រី និងពាណិជ្ជករកំពូលៗ មកពីសភាពាណិជ្ជកម្ម CLMVT និង Networking Reception ផងដែរ។

ដោយឡែកប្រធានបទសម្រាប់ថ្ងៃទី២ គឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ និយាយអំពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំលាស់ប្តូរជីវិត និងយុវជនជំនាន់ថ្មី-Technology to Change Life and Young Generation» ដែលនឹងមានការថ្លែងសុន្ទរកថា ដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាមកពីស្ថាប័នធំៗ ស្តីពីតួនាទីរបស់បច្ចេកវិទ្យា ក្នុងការគាំទ្រសេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិត និងមានការពិភាក្សារអំពីបំលាស់ប្តូរបច្ចេកវិទ្យាសម្រាប់ SMEs និង Startups។

លើសពីនេះទៅទៀត វាក៏មានការផ្តល់គំនិតច្នៃប្រឌិត នៅក្នុងយុគឌីជីថលសម្រាប់បម្រើក្នុងវិស័យសេដ្ឋកិច្ច ហើយនឹងការណែនាំទៅដល់សហគ្រិនវ័យក្មេង (YEC) និង The Town Portal application ដើម្បីជួយផ្សារភ្ជាប់ពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងតំបន់នៃបណ្តាប្រទេស CLMVT ហើយជាចុងក្រោយក៏មានកិច្ចពិភាក្សាបំផុសគំនិត សម្រាប់អ្នកគ្រប់គ្រងជំនួញខ្នាតតូចផងដែរ។

មិនតែប៉ុណ្ណោះវេទិកាកិច្ចប្រជុំពិភាក្សា CLMVT 2018 នឹងរួមបញ្ចូលការតាំងពិព័រណ៍របស់អង្គការនានា ដែលជាដៃគូក្នុងស្រុក និងអន្តរជាតិ។

បណ្តាប្រទេស CLMVT រួមមាន ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាតំបន់មួយដែលមានសក្តានុពលខ្ពស់ និងមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ ដោយមានប្រជាជនសរុបប្រមាណជាង ២៣៧លាននាក់ និងកំណើន GDP ជាមធ្យម ៥.៨ភាគរយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសហគ្រិនមកពីទូទាំងពិភពលោក មកវិនិយោគលើវិស័យផលិតកម្ម និងពង្រីកទីផ្សាររបស់ពួកគេ ដែលនាំឲ្យមានឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយប្រទេសទាំងប្រាំ (CLMVT) ក៏បានរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម សម្រាប់ពេលអនាគតរបស់បណ្តាប្រទេសក្នុងតំបន់ទាំងមូលផងដែរ៕