(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្លឹបកំសាន្ដ «ស្កាយឡាញ» ដោយឃាត់ខ្លួនបានជនសង្ស័យ៥៣នាក់ ក្នុងនោះមានខ្មែរ២៤នាក់, ជនជាតិចិន១០នាក់, ឥណ្ឌូនេស៊ី១៧នាក់ និងកូរ៉េ២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងចាប់តាំងពីម៉ោង០១៖៤៥នាទី រហូតដល់ម៉ោង៥ទាបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិទ្រង់ទ្រាយធំបង្ក្រាបករណីគ្រឿងញៀន ក្នុង​រង្គ​សាល​ស្កាយ​ឡាញ ឃាត់​ខ្លូន​មនុស្ស​៥៣​នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បម្រើការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​​តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ចំនួន​២​៤​នាក់​ និងដកហូតបាន​ថ្នាំញៀន ខេតា​មីន​ និង​​អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤ដប​។ ក្រោយពេល​ពេល​ធ្វើតេស្ដ​អ្នក​ទាំង​អស់ ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​ជាក់​ស្តែង​​តែ​ម្តង ហើយបុរស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​។

យ៉ាងណាមិញ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញគ្រប់ផ្នែក ចុះស្រាវជ្រាវ​បង្ក្រាបដោយសហការ​ជាមួយព្រះរាជអាជ្ញាឲ្យដូចភ្លៀងរលឹម មិនលើកលែងជាដាច់ខាត៕