(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ អមដំណើរដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ។

វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួវិមានជិតរួចរាល់ហើយ ហើយគ្រោងនឹងសម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់ បានថ្លែងថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕