(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រកាសជាផ្លូវការហើយ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ នេះ។ ជាផ្លូវការគឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រចំនួន ៤ ៨៨៩ ១១៣ សំឡេង ស្មើនឹង ៧៧%នៃចំនួនអ្នកទៅបោះឆ្នោតសរុប ៦,៩៥៦,៩០០នាក់ និងបានឈានទៅដល់ការគ្រប់គ្រងអាសនៈសរុបទាំងអស់១២៥ របស់រដ្ឋសភាជាតិ។

លទ្ធផលបោះឆ្នោតនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរបានផ្តល់នូវសេចក្តីទុកចិត្តយ៉ាងខ្ពស់បំផុតចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសតាំងពីឆ្នាំ ១៩៧៩ មកឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងការសង្គ្រោះជីវិតជាតិ និងប្រជាជន នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍ។ អំពើល្អរបស់គ ណបក្សប្រជាជនកម្ពុជា និងការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំបក្សនេះដើម្បីជាតិ និងប្រជាជនត្រូវ បានតបស្នងមកវិញតាមរយៈការផ្តល់ទំនុកចិត្តពីរាស្ត្រជាម្ចាស់ឆ្នោត។

លទ្ធផលផ្លូវការនៃការបោះឆ្នោតពេលនេះគឺជាការបង្ហាញភាពចាស់ទុំនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែគ្រប់គណបក្សនយោបាយទាំងអស់ ដែលខ្លះទទួលបានអាសនៈ និងខ្លះមិនទទួល បានអាសនៈនៅក្នុងរដ្ឋសភា ប៉ុន្តែបានបង្ហាញពីការគាំទ្រចំពោះដំណើរការបោះឆ្នោតដែលត្រូវបានអ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថាប្រព្រឹត្តទៅដោយសន្តិវិធី ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព អាចទទួលយកបាន។ ចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨៣,០២% គឺភាគច្រើនលើសលប់ ដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេតាមរយៈការបោះឆ្នោតដោយសេរី និងសម្ងាត់ គឺលើសពីគោលការណ៍ប្រជាធិបតេយ្យធម្មតា ដែលគេនិយាយត្រឹមតែមតិភាគច្រើន។

វាគឺជាសារយ៉ាងច្បាស់លាស់បំផុតប្រាប់ដល់សាធារណៈមតិជាតិ និងអន្តរជាតិឲ្យបានដឹងថា នេះគឺជាការបោះឆ្នោតដ៏ល្អបំផុតមួយនៅកម្ពុជា ហើយសូម្បីតែអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតនេះ និងប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏សុទ្ធតែបានវាយតម្លៃថាការបោះឆ្នោតដ៏ត្រឹមត្រូវតាមនីតិវិធីច្បាប់មួយ។

ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ចាប់តាំងពីការបោះឆ្នោតអាណត្តិទី១នៅខែឧសភា ឆ្នាំ១៩៩៣ ដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់) កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ស្របតាមរដ្ឋធម្មនុញ្ញបានចែង។ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺជាការបោះឆ្នោតមួយដែលបានរៀបចំស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែង។ ការបោះឆ្នោតនេះថ្ងៃទី២៩ ខែកក្កដា មានភាពស្របច្បាប់ ក៏ដោយសារតែ រាល់ដំណើរការនីតិវិធីទាំងអស់រាប់ចាប់តាំងពីការត្រៀមរៀបចំការបោះឆ្នោតរហូតដល់ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលបោះឆ្នោត និងការបែងចែកអាសនៈ សម្រាប់គណបក្សដែលបានចូលរួមការបោះឆ្នោតគឺសុទ្ធតែអនុវត្តតាមច្បាប់ពាក់ព័ន្ធដែលមានជាធរមានប្រកបដោយតម្លាភាពបំផុត។ ស្ថាប័នផ្សេងៗក្រោមចំណុះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុវត្ត តាមច្បាប់ ប្រកបដោយភាពត្រឹមត្រូវ។ ការដោះស្រាយទំនាស់ក៏ប្រព្រឹត្តទៅស្របតាម ច្បាប់ និងមានយន្តការច្បាស់លាស់។

អ្នកសង្កេតការណ៍ជាតិនៃប្រទេសកម្ពុជា និងអន្តរជាតិមកពីប្រទេសមួយចំនួននៃទ្វីបអឺរ៉ុប អាស៊ី អាមេរិក មកពីអូស្ត្រាលី ជាដើមសរុបទាំងអស់ជាង ៨ ម៉ឺននាក់រួមទាំងអ្នកសារព័ត៌មានរាប់ពាន់នាក់ទៀតគឺជាសាក្សីផ្ទាល់ភ្នែកនៃដំណើរការរៀបចំការបោះឆ្នោតនេះ។ ពួកគាត់បានស្វាគមន៍ប្រកបដោយមោទនភាពថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន ហើយថែមទាំងបានអំពាវនាវឱ្យប្រទេសមួយចំនួនដែលទើបងើបចេញពីជម្លោះ មើលគំរូប្រទេសកម្ពុជាក្នុងការរៀបចំការបោះឆ្នោត។ កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងបានយ៉ាងល្អ ដែលទទួលការកោតសរសើរពីសហគមន៍អន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរខ្លួនឯង ក៏មានមោទនភាព និងបានទទួលស្គាល់ពីដំណើរការប្រកបដោយភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាពនៃការបោះ ឆ្នោតថ្ងៃទី២៩ ខែកក្កដា នេះដែរ។

ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតពេញចិត្ត និងសប្បាយរីករាយចំពោះបរិយាកាសក្នុងអំឡុងពេលបោះឆ្នោតដែលប្រព្រឹត្តទៅក្នុងសុខសន្តិភាព គ្មានអំពើហិង្សា និងជាពិសេសក្រោយការបោះឆ្នោត ពួគគេអាចវិលត្រឡប់មកកាន់ទីកន្លែងការងារ និងកន្លែងប្រកបមុខរបររៀងៗខ្លួនដោយគ្មានការរំខាន ដោយចលនាបាតុកម្មតវ៉ា បិទផ្លូវ គ្មានភាពវឹកវរចលាចល និងគ្មានអំពើហិង្សាអ្វីទាំងអស់។ នេះជាស្ថានភាព ដែលពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់បាន ហើយក៏បង្ហាញពីភាពជោគជ័យនៃដំណើរការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែរ។

អត្រានៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ខ្ពស់នៅពេលនេះ គឺពិតណាស់បានបង្ហាញពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរប្រឆាំងនឹងការជ្រៀតជ្រែក របស់ក្រុមជនបរទេសមកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភបំពានលើឯករាជភាព និងអធិបតេយ្យភាពជាតិខ្មែរឡើយ និងជាសារប្រាប់ទៅក្រុមអ្នកនយោបាយ រត់ចោលស្រុកថាពលរដ្ឋខ្មែរមិនស្តាប់ការញុះញង់របស់ខ្លួនជាន់ឈ្លីសិទ្ធិអំណាចរបស់ខ្លួនដោយមិនទៅបោះឆ្នោតនោះទេ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថា គណបក្សទាំងអស់មានសិទ្ធិគ្រប់ គ្រាន់ក្នុងការធ្វើការឃោសនានយោបាយរបស់ខ្លួន។ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺគ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែង បានទទួលយកលទ្ធផលដោយអស់ចិត្ត ទោះជាពួកគេមិនទទួលបានជ័យជំនៈ ឬឈ្នះអាសនៈនៅក្នុងរដ្ឋសភាយ៉ាងណាក្តី។ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងបានដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅតាមការិយាល័យនានាដើម្បីសង្កេតការណ៍ និងវាយតម្លៃដោយផ្ទាល់តែម្តងលើដំណើរការបោះឆ្នោតនេះ។ ការទទួលយកដោយអស់ចិត្ត ពីព្រោះតែគណបក្សនយោបាយទាំង ២០ ដែលបានប្រកួតប្រជែង មើលឃើញយ៉ាងច្បាស់ថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាពគ្រប់គ្រាន់។ ម្យ៉ាងទៀត ពួកគេក៏មិនចង់បន្តវប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោតដែលជាការបង្ហាញភាពមិនថ្លៃថ្នូរ និងគ្មានចិត្តជាកីឡាករដូចគណបក្សប្រឆាំងមុននោះឡើយ។ នេះក៏ជាការបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយទាំងអស់នៅកម្ពុជាផងដែរ និងជាការចង់បានរបស់ពលរដ្ឋខ្មែរ។

បង្ហាញថាការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ថាស្របច្បាប់ គឺនៅក្នុងការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ ដែលពួកគេជឿជាក់ថា នឹងជួយដល់ពួកគេដោយគ្មានការគំរាមកំហែង គ្មានការភ័យខ្លាចឡើយ។ បងប្អូប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដោយទឹកមុខសប្បាយរីករាយ និងបោះឆ្នោតតាមសតិសម្បជញ្ញៈរបស់ពួកគាត់។ នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបគាំទ្រចំពោះដំណើរការ ប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។ គឺជាប្រជាធិបតេយ្យដែលស្ថិតក្នុងដែនអធិបតេយ្យភាពដ៏ពេញលេញរបស់កម្ពុជា និងជាប្រជាធិបតេយ្យដ៏ពិតប្រាកដឥតក្លែងក្លាយ ពីព្រោះវាជាឆន្ទៈរបស់ពលរដ្ឋខ្មែរភាគច្រើនលើសលុបដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោត បងប្អូនប្រជាពលរដ្ឋទាំងនេះបានពិចារណាច្បាស់ថាតើនរណាដែលខ្លួនជឿជាក់ថាធ្វើឱ្យក្តីសុបិន្ត របស់ពួកគេបានសម្រេច។

តាមរយៈលទ្ធផលនៃការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនេះបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ប្រជាពលរដ្ឋ ដែលជ្រើសរើសយកការបន្តការពារសន្តិភាព និងការអភិវឌ្ឍជាអាទិភាពរបស់ខ្លួនការពារសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលរកមកបានដោយពិបាកនេះ។ ការបោះឆ្នោតប្រព្រឹត្តទៅស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ ការបោះឆ្នោតដែលប្រព្រឹត្តទៅក្រោមបរិយាកាសសន្តិវិធី និងប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាំភាព និងអត្រាអ្នកចូលរួមបោះឆ្នោតចំនួន ៨៣% មិនបត្រឹមតែឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីភាពស្របច្បាប់នៃការបោះឆ្នោត និងឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់នីត្យានុកូលភាព លើសពីគ្រប់គ្រាន់ដល់រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនេះ ជាពិសេសនីត្យានុកូលភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិថ្មីដែលកើតចេញពីការជ្រើសរើសរបស់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលបនេះ។ ដូច្នេះលទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ បញ្ជាក់ពីជោគជ័យដែលកើតចេញពីឆន្ទៈរាស្ត្រខ្មែរពិតប្រាកដ និងមានភាពស្របច្បាប់ត្រឹមត្រូវ។

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨