(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ រៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលជាផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។

ការរៀបចំសិន្នសីទសារព័ត៌មាននេះ ធ្វើឡើងនៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាបានដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានបិទបញ្ចប់ទៅថ្មីៗនេះ ប្រព្រឹត្តឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព ហើយការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ យ៉ាងច្រើនកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសជុំវិញពិភពលោកថា ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ នូវភាពចាស់ទុំរបស់កម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ។

សម្រាប់លទ្ធផលផ្លូវការនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ដោយទទួលបានអាសនៈចំនួន១២៥ គ្រប់គ្រងសភាទាំងមូលតែម្តង៕