(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំ៣គ្រឿង, ម៉ូតូកង់បី២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង, ប្រជែង, មិនគោរពសិទ្ធិ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន១១៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦១នាក់, របួសស្រាល៤៦នាក់ និងរបួសធ្ងន់៩៣នាក់៕