(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ  ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។

សម្តេចបានបន្តថា «សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនាការឃោស​នាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ភ្លូកទឹក​ភ្លូក​ដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥​មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុក​ចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្ត​ជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត​សម្រាប់ប្រទេសជាតិយើងទាំងមូល»។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានថ្លែងអំណរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែលបាន​ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយ​ស្មើ​ភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបាន​រៀបចំបង្កើតនៅសប្តាហ៍ទី១នៃ ខែកញ្ញាខាងមុខនេះ។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។

តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត៕