(បុរីរម្យ)៖ ទោះបីជាស្ថានភាពផ្លូវពោរពេញដោយឧបសគ្គលំបាកច្រើន ហើយឆ្ងាយជាងម្សិលមិញយ៉ាងណាក្ដី ក៏កីឡាករកម្ពុជានៅតែរក្សាបានពិន្ទុខ្ពស់ក្នុងការប្រណាំងរថយន្តសម្រាប់ថ្ងៃទី២ នៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ដែលចេញដំណើរពីខេត្តប្រាជិនបុរី (កាប៉ីនបុរី) ឆ្ពោះមកកាន់ខេត្តបុរីរម្យ ប្រទេសថៃ។

គួរជម្រាបជាថ្មីថា​ ព្រឹត្តិការណ៍ Asia Cross Country Rally​ 2018​ នេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣​ ប្រចាំតំបន់អាស៊ី។​ ព្រឹត្តិការណ៍នេះ​ បានចាប់ផ្ដើមពីខេត្តប្រាជិនបុរី​ ប្រទេសថៃ នាថ្ងៃទី១៣​ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ​ ប្រទេសកម្ពុជា នាថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០១៨ ខាងមុខ។

ការប្រកួតថ្ងៃនេះចម្ងាយផ្លូវរហូតជាង៣០០គីឡូម៉ែត្រ ដោយចេញដំណើរពីខេត្តប្រាជិនបុរី ឆ្ពោះមកកាន់ខេត្តបុរីរម្យ ប្រទេសថៃ។

អ្នកបើកបររថយន្តកម្ពុជាបានអះអាងថា ថ្ងៃទី២នៃការប្រកួត Asia Cross Country Rally 2018 ពួកគេនៅតែរក្សាបាននៅពិន្ទុខ្ពស់ ទោះបីជាស្ថានភាពផ្លូវកាន់តែលំបាកក៏ដោយ។

លោក ហូ សិទ្ធិគុណ បានឲ្យដឹងថា ថ្ងៃនេះផ្លូវមានការលំបាកខ្លាំង តែលោកនៅតែមានសង្ឈឹមថានឹងទទួលបានពិន្ទុល្អដូចកាលពីម្សិលមិញ។ សម្រាប់ថ្ងៃនេះ ជំនួយការបើកបរក៏បានបង្ហាញផ្លូវបានល្អ ដោយមិនវង្វេងខុសគោលដៅនោះទេ ប៉ុន្តែជួបបញ្ហាប៉ះពារបន្តិចបន្ទួច ដោយសាតែផ្លូវហុយខ្លាំងពេក។

ពាក់ព័ន្ធនឹងលទ្ធផលដែលក្រុមរថយន្តកម្ពុជាទទួលបានជោគជ័យក្នុងការប្រណាំង រយៈពេល២ថ្ងៃនេះ ក៏ដោយសារមានការរួមចំណែកយ៉ាងសំខាន់ពីក្រុមជាងរបស់ក្លឹប KARA ក្នុងការផ្តល់សេវាជួសជុលអំឡុងពេលប្រកួត និងក្រោយពេលប្រកួតយ៉ាងយកចិត្តទុកដាក់។

លោក ជីវ័ន្ត បូរិន ប្រធានក្រុមជាង បានលើកឡើងថា ការចូលរួមយ៉ាងសស្រាក់សស្រាំបែបនេះ ព្រោះចង់ឲ្យកម្ពុជាទទួលបានជោគជ័យពីព្រឹត្តិការណ៍ប្រណាំងកម្រិតអាស៊ីមួយនេះ។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលថ្ងៃទី២នេះ ប្រភេទរថយន្តសាំងលេខ១បានលើកីឡាករ ហូ សិទ្ធគុណ លេខ២បានលើកីឡាករ វង្ស គីហួត ជាកីឡាករកម្ពុជា ខណៈលេខ៣បានលើកីឡាករជប៉ុន។ ចំណែកឯប្រភេទរថយន្តម៉ាស៊ូតពីលេខ១ដល់៣វិញ សុទ្ធជាកីឡាករថៃ៕