(ភ្នំពេញ)៖ ​ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ KOICA នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំពិធីតម្រង់ទិសដល់មន្ត្រីរាជការមកពីក្រសួងអប់រំ ដែល​បានជ្រើសរើសទៅសិក្សាសម្រាប់កម្មវិធី​បណ្ដុះបណ្ដាល ស្តីអំពី​ការសាងប្រព័ន្ធសមត្ថភាពមូលដ្ឋានគ្រូបង្គោល នៅតាមមូលដ្ឋាន​​​ក្នុងប្រទេសកម្ពុជា នៅសាធារណរដ្ឋកូរ៉េសម្រាប់ឆ្នាំទី​២ នៃ​វគ្គបណ្តុះបណ្តាល​រយៈពេល​៣ឆ្នាំ លើកម្មវិធីការអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ក្នុងពេលបម្រើការងារ។

វគ្គបណ្តុះបណ្តាលឆ្នាំទី២នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០១៨ នៅមហាវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ នៅទីក្រុង ​Seongnam & Cheonan ក្នុងសាធារណរដ្ឋកូរ៉េ​។ វគ្គបណ្តុះបណ្តាលផ្តោតសំខាន់ទៅលើ​ការកំណត់អត្តសញ្ញាណ ការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបណ្តុះបណ្តាល គ្រូបង្រៀន នៅក្នុងប្រ​ព័ន្ធអប់រំ​ទៅតាមក្រុមគោលដៅសំខាន់ៗ នៃគ្រូបង្រៀនសម្រាប់​សាលាមធ្យមសិក្សាកម្រិត១​នៅកម្ពុជា​។

ក្នុងកម្មវិធីនេះ សិក្ខាកាម នឹងសិក្សាលើមុខវិជ្ជាមេរៀនគំរូ ចំនួន​៥គំរូ របស់ប្រទេសកូរ៉េរួមមាន មេរៀនគំរូទី១៖ ប្រព័ន្ធបណ្តុះបណ្តាល និងសេវាកម្ម, ​មេរៀនគំរូ​ទី២៖ ប្រព័ន្ធណែនាំ និងវិធីសាស្រ្ត, មេរៀនគំរូទី៣៖ ជំនាញបង្រៀន និងកម្មវិធីសិក្សា, មេរៀនគំរូទី៤៖ ការធ្វើកម្មសិក្សាសម្រាប់ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន និងមេរៀនគំរូទី៥៖ ផែនការសកម្មភាព​។

អ្នកចូលរួម​នឹងទទួលបានការណែនាំជាមួយគ្រូបង្វឹកក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ ហើយនៅពេលបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចបង្កើតប្រព័ន្ធហ្វឹកហ្វឺន គ្រូបង្រៀនដោយផ្ទាល់ ហើយពួកគេនឹងយល់ដឹង​អំពីរបៀបអនុវត្តប្រព័ន្ធបណ្តុះបណ្តាល ក្នុងការដាក់ប្រើនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានគុណភាព​អប់រំកាន់តែល្អប្រសើរ​។

សូមជម្រាបថា អ្នកចូលរួមចំនួនសរុប ២៣រូប មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាខុសៗគ្នា ដែលស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ជាតិដូចជា នាយកដ្ឋានបណ្តុះបណ្តាលគ្រូបង្រៀន (TTD), មហាវិទ្យាល័យអប់រំគ្រូបង្រៀននៅភ្នំពេញ, វិទ្យាស្ថានជាតិអប់រំ (NIE) និងគ្រឹះស្ថានឧត្តមសិក្សាក្រោមកម្រិតជាតិ ដូចជាមហាវិទ្យាល័យអប់រំគ្រូបង្រៀនបាត់ដំបង, មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម, ព្រៃវែង និងតាកែវ ក៏ដូចជា មជ្ឈមណ្ឌលគរុកោសល្យខេត្ត រួមមាន ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង។

ក្នុងពិធីតម្រង់ទិសមុនពេលចេញដំណើរនេះ មន្រ្តី KOICA ប្រចាំប្រទេសកម្ពុជា បានណែនាំអំពីវគ្គខ្លីៗ និងផ្តល់ការណែនាំ ដល់អ្នកចូលរួមអំពី ព័ត៌មានៗសំខាន់ នៅក្នុងប្រទេសកូរ៉េ ព័ត៌មានអំពីសមាគមអតីតនិស្សិតកម្ពុជាកូរ៉េ (CAMKAA) និងក្រមសីលធម៌ នៃកម្មវិធីបណ្តុះបណ្តាល​។ បេក្ខជនដែលបានជ្រើសរើស បានបង្ហាញការដឹងគុណចំពោះ KOICA និងរដ្ឋាភិបាលកូរ៉េ សម្រាប់ការគាំទ្រ ហើយពួកគាត់បានប្តេជ្ញា នាំយកកំណែទម្រង់សង្គម និងគោលនយោបាយនៅកម្ពុជា បន្ទាប់​ពីទទួលបានបទពិសោធន៍ពីប្រទេសកូរ៉េ​។

ជាមួយគ្នានេះ លោក កាំង ហ្វាង វុក (Kang Hwang Wook) អនុប្រធានការិយាល័យ KOICA បានស្វាគមន៍ និងអបអរសាទរ ដល់អ្នកចូលរួមដែលបានជ្រើសរើស ដោយលោក​បានស្នើសុំដល់បេក្ខជន​ប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីរៀនសូត្រពីមេរៀនគំរូអភិវឌ្ឍរបស់ប្រទេសកូរ៉េ និង​ចែករំលែកបទពិសោធន៍របស់ពួកគាត់ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​។

សូមជម្រាបថា ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស ជាដៃគូចាប់តាំងពីឆ្នាំ១៩៩១ មក KOICA បានផ្តល់វគ្គបណ្តុះបណ្តាល ចំនួន ៤,៥១២​វគ្គ ដែលមានអ្នកចូលរួមជាង​ ៧៤,៧៩២​រូប មកពី ១៧២​ប្រទេស​។ ចាប់ពីឆ្នាំ​១៩៩៤ ដ​ល់ឆ្នាំ​២០១៨ KOICA បានគាំទ្រជំនួយបច្ចេកទេស​ដល់ប្រទេសកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលបង្កើនសមត្ថភាពផ្សេងៗ ដូចជាអាហារូបករណ៍ថ្នាក់អនុបណ្ឌិត វគ្គបណ្តុះបណ្តាល​ក្នុងប្រទេស និងវគ្គបណ្តុះបណ្តាលទូទាំងពិភពលោក ចំនួន២,៨២៣ មន្ត្រីរាជការ ដើម្បីជួយពួកគាត់ទទួលចំណេះដឹងជាលក្ខណៈអាជីព និង​ជាប្រព័ន្ធដែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំ KOICA ផ្តល់នូវវគ្គបណ្តុះបណ្តាលក្នុងប្រទេសចំនួន៣វគ្គ ជាមួយមន្ត្រីរដ្ឋាភិបាល ​ជាង ៥០នាក់ នៃអ្នកចូលរួមក្នុងវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍ​ប្រទេសកម្ពុជា​។ នៅឆ្នាំ​២០១៧ KOICA បានផ្តល់វគ្គបណ្តុះបណ្តាលចំនួនបី និងមានអ្នកចូលរួមចំនួន​៥៥រូប​។ ដោយឡែកនៅក្នុងឆ្នាំ​២០១៨ គឺមានវគ្គបណ្តុះបណ្តាលចំនួន ៣វគ្គ ដែល ២វគ្គ​បានផ្តល់ជូនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគម្រោងស្តីពី ការកសាងសមត្ថភាព សម្រាប់ការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងឆ្នាំ២០១៧-២០១៩ និង​វគ្គបណ្តុះបណ្តាលចំនួន១គម្រោង ផ្តល់ជូនទៅកាន់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDC/CRDB/CDC) ដែលមានឈ្មោះគម្រោង វគ្គបណ្តុះបណ្តាលតាមដាន និងវាយតម្លៃ​ក្នុងឆ្នាំ២០១៨-២០២១ ដែលមានអ្នកចូលរួមសរុប ប្រមាណ​ ៦២រូប​៕