(ភ្នំពេញ)៖ លោក រុន មេត្រា អ្នកនាំពាក្យ និងជាឧត្តមក្រុមប្រឹក្សារបស់គណបក្សខ្មែររួបរួមជាតិ បានប្រកាសថា គណបក្សលោកគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើតវេទិកាសន្ទនារវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សនយោបាយចំនួន១៩ផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦នេះ លើកិច្ចការជាតិ។

តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក រុន មេត្រា បានបញ្ជាក់ថា៖ «គិតថា វាជាគំនិតល្អរបស់សម្តេចលោកខ្វល់ពីគណបក្សនានាទោះបីមិនឈ្នះឆ្នោតក៏ដោយ ខ្ញុំគាំទ្រទស្សនៈបង្កើតវេទិកាជាមួយគណបក្សមិនទទួលបានអាសនៈ»។

នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕