(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ។

​លោក វ៉ី សំណាង បានថ្លែងថា ការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ​ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។

លោកអភិបាលបានបន្ដទៀតថា ការិយាល័យ​ច្រកចេញចូល​តែមួយ គឺជា​កន្លែង​ផ្តល់​សេវា​រដ្ឋបាល ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​ឲ្យ​ទាន់ពេលវេលា និង​តាម​នីតិវិធី​សាមញ្ញ​។ ការិយាល័យ​នេះ​រួមមាន ផ្នែក​ជួរមុខ សម្រាប់​ផ្តល់ព័ត៌មានទទួល និង​ប្រគល់​ឯកសារ និងផ្នែក​ជួរ​ក្រោយ ដែល​រួមមាន​មន្ត្រីជំនាញ ដែល​បញ្ជូន​មកពី​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ ​តាម​វិស័យ​នានា​ដែល​បានធ្វើ​ប្រតិភូកម្ម​មក​ឲ្យ​រដ្ឋបាល​ខេត្ត ដើម្បី​មក​បំពេញការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ។​

​រីឯ​ការិយាល័យ​ប្រជាពលរដ្ឋ មាន​បេសកកម្ម​ធ្វើ​ឲ្យ​រដ្ឋបាល​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយ​អំពើពុករលួយ បង្កើន​ភាព ពេញចិត្ត និង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋបាល​ខេត្ត រួមទាំង​បង្កើន​ការចូលរួម និង​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ ​បញ្ចេញ​មតិយោបល់​ជាមួយ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក។

លោក វ៉ី សំណាង ក៏បានជំរុញ​មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលមន្ទីរជំនាញបញ្ជូនឲ្យមកបំពេញការងារនៅក្នុងច្រកនេះ ត្រូវយកចិត្តទុកដាក់ធ្វើការងារ​បានល្អ ដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើកការផ្តល់សេវាសាធារណៈរបស់រដ្ឋ៕