(ភ្នំពេញ)៖ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរមួយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញការគាំទ្រចំពោះ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលចង់ឱ្យមានជំនួបពិភាក្សា រវាងគណបក្សនយោបាយទាំងអស់ ដើម្បីដោះស្រាយបញ្ហាជាតិ។

លោក កែម រិទ្ធិសិត បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបង្កើតវេទិកា ប្រជុំប្រធានគណបក្សទាំង២០ ដើម្បីផ្ដល់យោបល់ និងទស្សនៈនយោបាយ ក្នុងការដោះស្រាយបញ្ហាជាតិ ប្រសិនជាយោបល់នោះ ត្រូវបានយកទៅអនុវត្តនោះវាជាការល្អ និងជាសញ្ញាមួយផ្ដល់ផលវិជ្ជមានដល់សង្គមជាតិ [...] ហើយខ្ញុំនឹងពាំនាំបញ្ហារបស់ពលរដ្ឋ រួមទាំងដំណោះស្រាយយកទៅបរិយាយឱ្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ឱ្យបានដឹងស៊ីជម្រៅ និងដោះស្រាយ ឱ្យបានល្អជាងមុន»

នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕