(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានសារជាថ្មីថា ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងតែបន្ដកើនឡើងយ៉ាងគំហុក ដែលអាចឈានដល់កម្រិតប្រកាសអាសន្ន នៅយប់នេះ។

បើតាមក្រសួងធនធានទឹក មកដល់ម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី១៥ ខែសីហានេះ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង មានកម្ពស់១២.៣៥ម៉ែត្រ ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៣.៧៥ម៉ែត្រ។

ហេតុនេះហើយក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា «ទឹកស្ទឹងសង្កែ នឹងបន្ដកើនឡើងបន្ថែមទៀត ហើយនៅថ្ងៃទី១៥ ខែសីហានេះ ទឹកសង្កែ នឹងហក់ឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន និងអាចបង្កឲ្យមានការលិចនៅតំបន់ទំនាបមួយចំនួន ក្នុងក្រុងបាត់ដំបង់»

យ៉ាងណាមិញ សម្រាប់ស្ថានភាពទឹកស្ទឹងសង្កែនេះ អង្គភាព Fresh News នឹងជម្រាបជូនជាបន្ដបន្ទាប់ដើម្បីឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអាជ្ញាធរមានសមត្ថកិច្ច ត្រៀមលក្ខណៈជានិច្ចដើម្បីចេញអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរង់ការជន់លិច ទៅកាន់ទីទួលមានសុវត្ថិភាព។

ជាមួយគ្នានេះ កាលពីព្រឹកមិញ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីជំនាញចុះទប់ស្កាត់ ដើម្បីកុំឲ្យលិចលង់នៅក្រុងបាត់ដំបង។ នេះបើតាមការឲ្យដឹងពី លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក។

ថ្លែងប្រាប់អង្គភាព Fresh News លោក ចាន់ យុត្ថា បានបញ្ជាក់ថា ​ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុកក្នុងកម្រិត​៩៧មីលីម៉ែត្រ នៅស្រុកសំឡូត (​តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ​) ហើយបានបង្កការគម្រាមកំហែងដល់ជំនន់ស្ទឹងសង្កែ ខណៈដែលទឹកស្ទឹងនេះ កំពុងជន់ស្រាប់រួចទៅហើយ​។

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារទប់ស្កាត់នឹងជំនន់នេះ ដើម្បីការពារក្រុងបាត់ដំបង កុំឲ្យមានការលិចលង់៕