(រតនគិរី)៖ អង្គការកុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួន ដែលជានិច្ចជាកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយជួយចិញ្ចឹមកុមារកំព្រា និងចែកអំណោយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិនានា។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែសីហា ម្សិលមិញលោកស្រី ស៊ូ មន្ថា ប្រធានអង្គការនេះ រួមទាំងសហការី បាននាំយកនូវអង្ករបំប៉ន ចំនួន២,៨០០គីឡូក្រាម រួមទាំងទឹកស៊ីអ៊ីវ អំបិល ស្ករស និងប៊ីចេង យកទៅចែកជូនប្រជាពលរដ្ឋដែលជួបនូវគ្រោះទឹកជំនន់ចំនួន៤២គ្រួសារ នៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។

ថ្លែងចំពោះមុខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទាំង៤២គ្រួសារ នាពេលនោះលោកស្រី ស៊ូ មន្ថា ប្រធានអង្គការកុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួនរូបនេះ បានឲ្យដឹងថា ដោយមើលឃើញពីទុក្ខលំបាក និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គការរបស់លោកស្រី តែងតែចូលរួមចំណែកផ្តល់នូវអំណោយសង្គ្រោះបឋមបន្តិចបន្តួច ចែកជូនដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីទទួលបាននូវស្បៀងទាំងនេះ ធ្វើការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលខ្លី។

លោកស្រីប្រធានអង្គការរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកវើនសៃនោះ ឲ្យត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខមាលភាពជាចម្បង ព្រោះថា នៅតំបន់ដែលមានទឹកជន់លិចនេះ គឺងាយណាស់ក្នុងការឆ្លងនូវមេរោគរាតត្បាតផ្សេងៗ ដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ដោយត្រូវធ្វើអនាម័យខ្លួនឲ្យបានជាប់ជាប្រចាំ រួមទាំងការហូបស្អាត និងផឹកស្អាត។

ទន្ទឹមហ្នឹងនោះ លោកស្រី ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មានការជន់លិចដូចនេះ គឺត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពឹស ក៏ដូចជា សត្វកាចសាហាវផ្សេងៗ ដែលអាចនឹងមកជ្រកកោនលាក់ខ្លួន នៅក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ក្នុងឱកាសទឹកជន់លិចដូចនេះ ម្យ៉ាងវិញទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ខ្លាចក្រែងកើតឡើងនូវករណីធ្លាក់ទឹក រឺក៏លេងទឹក បណ្តាលលង់ជាយថាហេតុ។

គួរបញ្ជាក់ថា អង្គការកុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួន គឺជាអង្គការក្នុងស្រុកមិនស្វែងរកប្រាក់ចំណេញ បានចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា កុមារងាយរងគ្រោះ និងកុមារអនាថា តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ដែលសាខាចំនួន ១០១ កន្លែង ស្ទើរគ្រប់ទូទាំងរាជធានី-ខេត្ត លើកលែងតែខេត្តកំពត និងខេត្តកោះកុង ដោយមានកុមារកំព្រាសរុបជាង ២,០០០នាក់ និងបុគ្គលិក ៦០០នាក់៕