(ឧត្តរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល​ខេត្តឧត្តរមានជ័យ​ ដឹកនាំដោយលោក​ ខាន់ រ៉ាត់ ប្រធានសាខា សហការពីរថយន្តពិសោធន៍ចល័ត MOBILE LAB របស់អគ្គនាយកដ្ឋានកាំ​កុងត្រូល, សម​ត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងម្ហូបអា​ហារជាច្រើនមុខ​ ដែលនាំ​ចូលពីប្រទេសថៃ ដាក់តាំងលក់នៅក្នុងផ្សារសំរោង ខេត្តឧត្ដរមានជ័យ។

លោក ខាន់ រ៉ាត់ បានលើកឡើងថា សក​ម្ម​ភាពនេះ ធ្វើឡើងដើម្បីពង្រឹងការត្រួតពិ​និត្យលើគុណភាពម្ហូបអាហារ ដោយផ្ដោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងសមុទ្រជាដើម​។

លោកបន្តថា ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមមន្ត្រីកាំកុងត្រូលបានយកគំរូចំណីអាហារចំនួន៣៣មុខ ដូចជា៖ បន្លែ ផ្លែឈើ និងគ្រឿងសមុទ្រ មកពិសោធន៍ដើម្បីស្វែងរក​សារធា​តុគីមី ហាមឃាត់ និងស្វែងរកសំណល់កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើ​ម្ហូបអាហារទាំងនោះ។

ជាលទ្ធផលវិភាគ បាន​បង្ហាញថា បន្លែផ្លែឈើចំនួ៣៣មុខ​ ក្នុងនោះ៣១មុខ ​មិនមានសារធាតុគីមីដែលហាមឃាត់ឡើយ​ ប៉ុន្តែបានរកឃើញសារធាតុ Formalin នៅលើមឹក​ និងបន្លែដើមខាត់ណា មានជាប់សារជាតិថ្នាំសម្លាប់​សត្វល្អិតដែលលាងមិនបានស្អាត។

គួរបញ្ជាក់ថា ក្រៅពីការត្រួតពិនិត្យគុណភាពចំណីអាហារ សមត្ថកិច្ចកាំកុងត្រូល ក៏បានណែនាំ និងអប់រំផ្សព្វផ្សាយផងដែរដល់អ្នកទិញលក់ និងអាជីវករទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបាន ច្បាស់មុននឹងទិញយក មកលក់បន្ត និងបានធ្វើការអំពាវនាវដល់ប្រជាពល​រដ្ឋ និងសាធារណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយ ជាពិសេស គ្រឿងបរិ​ភោគដែលគេ វេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដី ត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទ ដែលមានបិទ ឬបោះពុម្ព ភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាង​នៅការប៉ះពាល់ដល់សុខភាពជាដើម។

សូមបញ្ជាក់ថា​ ក្នុងប្រតិបត្តិការខាងលើ​នេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អា​ជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីក​រាយ នឹងគាំទ្រចំពោះសកម្មភាពរបស់​មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យរាល់ទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាព ម្ហូបអាហារ ក៏ដូចជា ការពារសុខភាពរបស់ពួកគាត់ផងដែរ៕