(កំពង់ចាម)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសង់ខុសច្បាប់ ជល់មាន់ និងអាប៉ោង នៅ​ចំ​ណុច​ចំការ​ស្វាយចន្ទី​រ ស្ថិត​ក្នុង​ភូមិ​អូរ​បេង​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក​​បញ្ជា​ដល់កម្លាំង​ជំនាញ​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក​ ថាញ់​ សុខ​វុន​ នាយការិយា​​ល័យនគរបាលព្រហ្មទណ្ឌ​កំរិត​ស្រាល​ សហការ​ជា​មួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មេសជ្រៃ​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការកម្លាំងជំនាញ​បាន​ចាប់​ខ្លួន​បាន​មុខ​សញ្ញា​អ្នកលេង បានចំនួន​០៣​នាក់​ ដោយទី១៖​ឈ្មោះ​ នុត​ វ៉ា​ អាយុ​៥០ឆ្នាំ​ នៅ​ភូមិ​ដី​ក្រហម​ ឃុំសូភាស​ ស្រុក​ស្ទឹងត្រង់​, ទី២៖ឈ្មោះ​ ឈាង​ ផល្លី​ ​​អាយុ​៤៧ឆ្នាំ​ និងទី៣៖ឈ្មោះ​ ឃឹម​ ឆ័ង​ ​​អាយុ​២៩ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​​។

ក្នុងនោះដកហូត​វត្ថុ​តាង​រួមមាន​៖ តុហាន់តោអាប៉ោង​០១, ចានអាប៉ោង​០១, ចានទ្រអាប៉ោង​០១, គំរបអាប៉ោង​០១, ជញ្ជីង​ថ្លឹង​មាន់​០១, កន្រ្តក់​មាន់​០១, ទូរស័ព្ទ​០៥គ្រឿង​ និងម៉ូតូ​ចំនួន​១៩គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាងខាងលើ​ ត្រូវបាន​នាំ​មក​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​និតិវិធី​៕