(ភ្នំពេញ)៖ អ្នកបើករថយន្ត Lexus 570 ស្លាកលេខរដ្ឋ07-2-8989 និងបក្ខពួកចំនួន២នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយកម្លាំងសមត្ថកិច្ចក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅដកហូតរថយន្ត Lexus570 មកវិញ។

ដោយឡែក រថយន្តបង្កវិញត្រូវបានអូសយកទៅកាន់ទីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកាត់ការតាមនីតិវិធីច្បាប់។

បើតាមសេចក្តីរាយការជាជំហ៊ាននដំបូង បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ទ្រី ដារិន ភេទប្រុស ​អាយុ៣៨ឆ្នាំ ហៅហ៊ាពៅៗ មុខរបរកូនថៅកាប់ជ្រូក និងម្នាក់ទៀត ជាកម្មកសំណង់មានឈ្មោះ អ៊ុល ផានិត អាយុ២៥ឆ្នាំ ​មុខរបរកម្មករសំណង់ (ឃាត់យកមកសួរនាំនៅអធិការខណ្ឌ) ​ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបររថយន្តកូរ៉ូឡាមានឈ្មោះ ​ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ​៣០ឆ្នាំ មុខរបរកូនចៅ (ឃាត់យកមកសួរនាំនៅអធិការខណ្ឌ)​ ស្នាក់នៅ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ។ យ៉ាងណាក៏ដោយ អត្ដសញ្ញាណ និងតួនាទីរបស់ជនបង្ករូបនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការរបស់សមត្ថកិច្ចនៅឡើយទេ។

ជាមួយគ្នានេះ បើតាមអ្នករកស៊ីកាប់ជ្រូក បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News ថា ជនម្នាក់នេះជាមនុស្សដើរបោកគេជាច្រើនករណី និងជាមនុស្សម្នាក់ដែលឈ្លើយណាស់ មិនចេះខ្លាចរអារច្បាប់ទម្លាប់នោះឡើយ។ ដូច្នេះលើកនេះទំនងដល់ថ្ងៃអន្សារបស់រូបគេហើយ ដែលធ្លាប់ដើរបោកប្រាក់គេរាប់សិបម៉ឺនដុល្លារនាពេលកន្លងមក។

សូមបញ្ជាក់ថា ម្ចាស់រថយន្ដរូបនេះ រួមជាមួយបក្ខពួក២នាក់ទៀត បានបើករថយន្ដមួយគ្រឿងទៀត តាមរថយន្ដស្ទួចរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលដឹករថយន្ដរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ និងបង់ផាកពិន័យនោះ បានដកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ឲ្យដឹករថយន្ដរបស់ខ្លួន យកទៅទុកនៅក្នុងផ្ទះ ដែលស្ថិតនៅផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ករណីដ៏ព្រហើននេះ ត្រូវបានផ្អើលរហូតដល់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យនគរបាលចរាចរណ៍ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា ចុះទៅយករថយន្ដដែលបង្ក និងបំផ្លាញទ្រព្យសម្បត្តិមួយគ្រឿងនេះ ព្រមទាំងចាប់វាយខ្នោះអ្នកបើករថយន្ដស៊េរីទំនើប និងបក្ខពួក ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដែលត្រូវចោទប្រកាន់ពីបទ ប្លន់យកវត្ថុតាង របស់សមត្ថកិច្ច។

រថយន្ត Lexus570 ពាក់ស្លាកលេខរដ្ឋ: 07-2-8989​ បានបុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៥ ខែ​សីហា​ឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍ហៅរថយន្តស្ទួច ដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570នេះ យកកាំភ្លើងទៅភ្ជង់ម្ចាស់ឡានស្ទួច មិនឱ្យយកមកស្នងការរួចឱ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ៕